ខេត្តពោធិ៍សាត់ ៖ កំលាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ និងឆែកឆេរបន្ទប់ផ្ទះជួលមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតឧបករណ៍ និងសម្ភារមួយចំនួន ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ។
ករណីឆែកឆេរបន្ទប់ផ្ទះជួលឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងម៉ោង៩ និង៣៤នាទី ព្រឹកថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងបន្ទប់ផ្ទះជួល ស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។
កំលាំងសហការចុះផ្ទាល់ប្រាប់ថា លទ្ធផល ៖ កំលាំងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ទី១ ឈ្មោះ សឿន ណាហ្វី ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ និងទី២ ឈ្មោះ លី បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអ៊ិស្លាម សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ។
កំលាំងខាងលើបន្តថា វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់ ថ្នាំពណ៌ក្រហម និងពណ៌ស្លែសង្ស័យគ្រឿងញៀនចំនួន ២កញ្ចប់ ស្ទើរនឹងចំនួន ២៣គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង ក្រដាសអាលុយមីញ៉ូមចំនួន ១ដុំ ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយកំប្លេ ទូរស័ព្ទដៃចំនួន ៣គ្រឿង ដាវសាមូរ៉ៃចំនួន ១ ម៉ូតូចំនួន ១គ្រឿង និងសម្ភារផ្សេងៗផងដែរ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ចំពោះជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងទាំងអស់ នាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីសួរនាំបំពេញសំណុំបែបបទបញ្ជូនបន្តតាមនីតិវិធី ៕
ដោយ៖ បុឹម ពិន