ភ្នំពេញ៖ ថ្មីៗនេះស្រាប់តែលេចចេញរឿងរ៉ាវវិវាទពាក្យសម្តីឆ្លើយឆ្លងគ្នារវាងតារាចម្រៀង ម៉េង កែវពេជ្ជតា និងអ្នកនាងអូ រស្មី ក្រោយពីអ្នកនាងម៉េង កែវពេជ្ជតាចេញសាររិះគន់ទៅកាន់ អូ រស្មី ថាបានយកបទនាងច្រៀងដោយមិនបានដាក់ឈ្មោះម្ចាស់ដើម។ កាន់តែឡើងកម្តៅក្រោយពីអ្នកនាង អូ រស្មីឆ្លើយតបសារធ្ងន់ៗទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា។
ថ្មីៗនេះអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញការហួសចិត្ត ទៅលើអ្នកសិល្បៈមួយចំនួនដែលបានយកស្នាដៃរបស់អ្នកនាងទៅធ្វើជំនួញលើឆាណែលយូធូប តែមិនបានដាក់ប្រភពម្ចាស់ដើមនៃបទចម្រៀងនោះ ដល់ពេលអ្នកនាងគ្រាន់តែស្នើឲ្យដាក់ប្រភពដើម បែរជាប្រើប្រាស់សម្តីលើសលួសលើរូបអ្នកនាងទៅវិញ ។
អ្នកនាងម៉េង កែវពេជ្ជតាបានមាននិយាយថា «មុននឹងខ្ញុំនិយាយពីរឿងភាពអយុត្តិធម៌លើខ្ញុំ ។ អ្នកដែលធ្វើបាបអ្នកសិល្បៈដូចគ្នា គ្មាននរណាទេក្រៅពីអ្នកសិល្បៈហ្នឹងតែម្តង ។ ចាំមើលទាំងអស់គ្នា ថាតើភាពអយុត្តិធម៌វាមានកើតមានលើខ្ញុំដល់ពេលណា ? ដោយសាររឿងអយុត្តិធម៌ខ្លះធ្វើឲ្យខ្ញុំមិនអស់ចិត្ត » ។ អ្នកនាងបានបន្តថា អ្នកខ្លះចូលមកក្នុងសិល្បៈដើម្បីតែប្រយោជន៍ទេណាបងប្អូន! យកសិល្បៈធ្វើជាឈ្នាន់ទេ ខ្ញុំអត់បញ្ហាទេ ខ្ញុំមានសមត្ថភាពបង្កើតស្នាដៃសិល្បៈខ្លួនឯងបាន ប៉ុន្តែខ្លះគាត់អត់មាន ។
អ្នកនាងបានបន្តថា ថ្មីៗនេះបទចម្រៀងមួយបទរបស់អ្នកនាងដែលមានចំណងជើងថា «សម្រស់នារីខ្មែរ» ត្រូវបានតារាចម្រៀងនាង អូ រស្មី យកទៅច្រៀងបង្ហោះក្នុងឆាណែលយូធូប ដោយមិនបានដាក់ប្រភពម្ចាស់ដើម គ្រាន់តែសរសេរថា បទចម្រៀង «សម្រស់នារីខ្មែរ» ច្រៀងឡើងវិញដោយនាង អូ រស្មី ។អ្នកនាងថាក្រោយពីអ្នកនាងស្នើសុំឲ្យដាក់ឈ្មោះម្ចាស់ដើមនោះ ស្រាប់តែមានបុរសម្នាក់បានឆាតជាសម្លេងមករកអ្នកនាង ឆ្លើយឆ្លងជាមួយអ្នកនាងរបៀបមួយដែលអ្នកនាងម៉េង កែវពេជ្ជតា មិនអាចទទួលយកបាន ។
កាន់តែឡើងកម្តៅក្រោយពីគនីយហ្វេសប៊ុកមួយដែលមានឈ្មោះថាAu Reaksmey បានបញ្ចេញសារតបយ៉ាងចាក់ដោតដោយទាំងមាក់ងាយសមត្ថភាពនិងទឹកដមសំនៀង។ ក្រៅពីនេះគនីយមួយនេះក៏បានរិះគន់តារាចម្រៀងម៉េង កែវពេជ្ជតាមួយចំនួនទៀតដែលកាន់តែដុតកម្តៅឲ្យរឿងរ៉ាវនេះកាន់តែធំ។ ទោះជាយ៉ាងណាថ្មីៗនេះគនីយដដែលក៏បានចេញមុខបញ្ជាក់ថា គណនីយដែលចូលទៅតបតនឹងតារាចម្រៀងម៉េង កែវពេជ្ជតានោះគឺត្រូវបានគេលួច Hack យកទៅប្រើប្រាស់៕ ដោយ វឌ្ឍនា