ព័ត៌មានទាន់ហេតុការណ៍៖

តើបងប្អូនជនរួមជាតិ ធ្លាប់ស្គាល់ និងទៅកម្សាន្តនៅ «ភ្នំសុពណ៌កាឡី» ដែរទេ..!

ចែករំលែក៖

​ខេត្តក្រចេះ ៖ បើតាមប្រភពពី បេតិភណ្ឌប្រចាំថ្ងៃ បានពិពណ៍នា ឱ្យដឹងថា៖ ភ្នំធម្មជាតិមួយដែលមានតម្លៃប្រវត្តិសាស្ត្រ និងមានតម្លៃផ្នែកសោភ័ណភាព ធម្មជាតិ។ ថ្មភ្នំសុពណ៌កាឡីគឺ ជាប្រភេទថ្មភក់ (ទាមទារការបញ្ជាក់ពីអ្នក ជំនាញខ្មែរផ្នែកភូគព្ភសាស្ត្រ)។ ក្រៅពីថ្មភ្នំ មានវត្តមានសត្វ និងរុក្ខជាតិនានារស់នៅ និងដុះលូតលាស់។

តម្លៃវប្បធម៌ នៃភ្នំនេះគឺ ពាក់ព័ន្ធនឹងផ្នែកជំនឿ និងសាសនា។ នៅលើភ្នំ មានរូបសំណាកលោកតា«ជំពូធរ» (តំណាងអ្នកគ្រប់គ្រងទិសទាំង ៤) ដែលមានបារមីពូកែស័ក្តសិទ្ធិ ហើយ​ប្រជាពលរដ្ឋកម្ពុជាតែងមកគោរព និងបន់ស្រន់សុំសុភមង្គលគ្រប់ប្រការ។ នៅមិនឆ្ងាយពីរូបសំណាកលោកតាជំពូធរ មានដើមជ្រៃលៀប ឬដើម​ទិព្វធីតាច័ន្ទដែលនៅជិតនោះ មានរូងភ្នំ ១ ឈ្មោះថា រូងតាសាន់ (បារមី​) ដែលមានរឿងដំណាលថា កាលពីព្រេងនាយ ប្រជាពលរដ្ឋតែងធ្លាប់ខ្ចីបាន ចានបញ្ចរុង្គពីបារមី នៃរូងនោះ ក្រោយពេលពួកគេបានបន់ស្រន់។ មានគេនិយាយថានៅមុនឆ្នាំ១៩៨២ ធ្លាប់មានមនុស្សដើរចូលតាមរូងនោះ ទៅដល់ក្រោមបាតទន្លេ(មេគង្គ)ដែលស្ថិតនៅក្បែរភ្នំ។ នៅលើភ្នំ ​មានឋាន​ព្រះពុទ្ធទ្រង់បិណ្ឌបាតប្រោសសត្វលោក។

ភ្នំសុពណ៌កាឡីមើលទៅរាងដូចសត្វក្រពើ​ដេកក្រាបលើព្រះធរណី។ តាមរឿងដំណាល សត្វក្រពើសុពណ៌កាឡី រស់នៅក្នុងត្រពាំង១ឈ្មោះថា ត្រពាំងឈូក(ខ្លះហៅ ត្រពាំងសុពណ៌កាឡី) ស្ថិតនៅជើងភ្នំ។ សត្វក្រពើ នេះ បានឮថា មានសត្វក្រពើល្បី១ក្បាលឈ្មោះក្រពើអធន នឹងធ្វើដំណើរ ឆ្លងកាត់ទឹកដីរបស់វា។ ក្រពើសុពណ៌កាឡី ក៏បានស្ទាក់ផ្លូវដើម្បីប្រកួតគ្នា។ មុនពេលប្រកួត ក្រពើអធនបានលេបលោកគ្រូរបស់វា​ចូល​​ក្នុងពោះ រួចបានប្រកួតឈ្នះ ហើយក្រពើសុពណ៌កាឡីបានស្លាប់ និង​ក្លាយ​ទៅជាភ្នំសុពណ៌កាឡី។ ត្រពាំងឈូកមានជម្រៅប្រមាណ ៣ម៉ែត្រ បណ្តាយ៣០០ម៉ែត្រ និងទទឹង១០០ម៉ែត្រ បច្ចុប្បន្នរីងរាក់។ បើថែរក្សា និងស្តារឱ្យបានល្អ អាចក្លាយទៅជាកន្លែងអុំទូកប្រណាំងជារៀងរាល់ឆ្នាំ។ 

ភ្នំសុពណ៌កាឡី ស្ថិតនៅខេត្តក្រចេះ។ ធ្វើដំណើរពីក្រុងក្រចេះ​ប្រមាណ​៩០នាទី តាមរថយន្ត និងឆ្លងកាណូត៕

ដោយ៖ សិលា


ចែករំលែក៖