ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍មួយចំនួន ដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដើម្បីអនុវត្តឱ្យស្របតាមច្បាប់ជាតិ និងស្មារតីអនុសញ្ញាប្រឆាំងទារុណកម្ម

ចែករំលែក៖

ភ្នំពេញ៖ អនុសាសន៍ទាំង២ចំណុចរបស់សម្តេចក្រឡាហោម ស ខេង ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មានខ្លឹមសារដូចតទៅ៖

ទី១-ចំពោះគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មគឺ៖

– ត្រូវបន្តអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអនុញ្ញាប្រឆាំងទារុណកម្ម ពិធីសារបន្ថែម និងសន្ធិសញ្ញាផ្សេងៗទៀត ព្រមទាំងបទបញ្ញត្តិទាំងឡាយក្នុងច្បាប់ជាតិដែលពាក់ព័ន្ធទៅដល់អាជ្ញាធរសាធារណៈ និងមន្ត្រីដែលបំពេញតួនាទីនៅតាមទីកន្លែងឃុំឃាំងជនដែលបានដកហូតសេរីភាព។

-ត្រូវចេះត្រួតពិនិត្យ និងតាមដានយ៉ាងទៀងទាត់ អំពីស្ថានភាពនៅតាមកន្លែងឃុំឃាំងនានា ក្នុងគោលដៅពង្រឹងការការពារដល់ជនជាប់ឃុំ ពីការធ្វើទារុណកម្ម និងត្រូវផ្តល់អនុសាសន៍ចាំបាច់ដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងគោលបំណងកែលម្អប្រព្រឹត្តកម្ម និងស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព ស្របតាមនីតិវិធីនៃច្បាប់ជាតិ និងអនុលោមតាមស្មារតី នៃអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម។

-ត្រូវសហការគ្នាឱ្យបានល្អ និងមានសាមគ្គីភាពផ្ទៃក្នុងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាពិសេសត្រូវមានទំនាក់ទំនងល្អ និងជិតស្និតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងអនុសញ្ញាប្រឆាំងទារុណកម្ម និងអនុសាសន៍របស់ អនុគណៈកម្មាធិការ ប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា។

និងទី២៖ ចំពោះមន្ត្រីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ច៖

-ត្រូវលើកកម្ពស់ស្មារតី គោរពសិទ្ធិមនុស្ស ជាពិសេសចំពោះជនដែលត្រូវបានដកហូតសេរីភាព ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

-ត្រូវសហការបង្កលក្ខណៈងាយស្រួលដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិឱ្យបំពេញ កាតព្វកិច្ច តាមអាណត្តិការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកដល់ការលើកកម្ពស់សិទ្ធមនុស្សប្រចាំនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ដោយ៖ សិលា


ចែករំលែក៖