ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែហ្គេម PUBG យុវវ័យម្នាក់ ត្រូវមិត្តស្រីបោកលុយជាង ៧ ម៉ឺនដុល្លារអាមេរិក ហើយគេចខ្លួនបាត់

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន World of Buzz បានចេញផ្សាយថ្មីៗនេះថា មានករណីយុវជនម៉ាឡេស៊ីវ័យ ១៤ ឆ្នាំម្នាក់ បានចាញ់បោកមិត្តស្រីដែលស្គាល់គ្នាតាមរយៈការលេងហ្គេម PUBG អស់ប្រាក់ប្រមាណជា ៣០០ ០០០ រីងហ្គីត (៧១,៤៩០ ដុល្លារអមេរិក)ដូច្នេះយុវវ័យគ្រប់រូបដែលចូលចិត្តលេងហ្គេម PUBG មួយនេះ សូមប្រុងប្រយ័ត្នក្នុងការចាញ់បោកគេដូចករណីមួយនេះ

ទីភ្នាក់ងារព័ត៍មានដដែលបន្តថា ហ្គេមPUBG នេះ បានក្លាយជាហ្គេមលេងតាមទូរស័ព្ទដៃដ៏មានប្រជាប្រិយភាពមួយសម្រាប់យុវវ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយហ្គេម PUBG អាចអនុញ្ញាតឲ្យលោកអ្នកលេងជាក្រុមជាមួយមិត្តភក្តិនិងបង្កើតមិត្តថ្មីៗ បានតាមរយៈការលេងហ្គេមនេះរួមគ្នាតាមបណ្តាញអ៉ីនធឺណេត មិនតែប៉ុណ្ណោះមានអ្នកខ្លះបានស្គាល់គ្នាតាមរយៈការលេងហ្គេម PUBG រហូតបានរៀបការកជាប្តីប្រពន្ធនឹងគ្នាហើយក៏មានដែរអ្នកចាញ់បោកទំនាក់ទំនងក្លែងក្លាយតាមរយៈហ្គេមមួយនេះ។

ប្រភពដដែលបន្តទៀតថាយុវជនវ័យ ១៤ ឆ្នាំរូបនេះជាកូនអ្នកជំនួញមានជីវភាពធូរធាម្នាក់ ហើយរូបគេមានទម្លាប់លេងហ្គេម PUBG ជាប្រចាំរហូតថ្ងៃមួយរូបគេបានជួបនារីម្នាក់តាមបណ្តាញសង្គម និងផ្ដើមបង្កើតទំនាក់ទំនងជាមួយគ្នាតាមរយៈការលេងហ្គេម PUBG ជាមួយគ្នារាល់ថ្ងៃ។ ដោយការរាប់អានគ្នាបាន ២ទៅ៣ ខែ យុវជនដែលទើបនឹងពេញវ័យហាក់មានចិត្តស្រលាញ់មិត្ត PUBG របស់គេហើយស្រ្តីរូបនោះក៏ផ្តើមខ្ចីលុយពីយុវជនជាបន្តបន្ទាប់ដោយសន្យាថានឹងសងវិញគ្រប់ចំនួន។

បន្ទាប់មក ដោយមានចិត្តស្រលាញ់ខាងស្រី យុវជនបានលួចដកលុយពីគណនីធនាគាររបស់ឪពុកគេជាបន្តបន្ទាប់ដើម្បីផ្ញើឲ្យនាង សរុបចំនួន  ២១ដង និងបើគិតជាប្រាក់សរុបមានចំនួន ២៩៥ ៩៥០ រីងហ្គីត (៧០ ៥១៥ដុល្លារអាមេរិក) ប៉ុន្តែកាលពីពេលថ្មីៗនេះ ឪពុករបស់យុវជនដែលកំពុងតែស្លុងអារម្មណ៍នឹងស្នេហាក្លែងក្លាយរូបនេះ បានដឹងរឿងរ៉ាវរបស់គេ តែវាយឺតពេលបន្តិចទៅហើយព្រោះស្រី្តដែលទទួលបានលុយជាង ម៉ឺនដុល្លាររួចហើយនោះស្រាប់តែទាក់ទងលែងបាន ហើយក៏មិនដឹងទៅរកនាងនៅទីណាដែរ។

បច្ចុប្បន្នភាគីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសដើម្បីស្វែងរកអន្តរាគមន៍ ខណៈគេជឿថាលុយដែលបាត់ទៅហើយនោះមិនងាយនឹងរកឃើញវិញទេ៕ដោយ៖ស តារា


ចែករំលែក៖