ព័ត៌មានទាន់ហេតុការណ៍៖

នាំក្មួយៗមកលេងទឹក​ លង់ទឹក០៣នាក់ តែជួយសង្គ្រោះបានម្នាក់​ ២នាក់ទៀត​ស្លាប់

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖ ក្មេងៗតូចប្រុសស្រី៣​នាក់មកលេងទឹកជាមួយពូ​ មានគ្នាសរុប​ ៥នាក់បានលង់ទឹក​ស្លាប់ពីរនាក់​ និងម្នាក់​ទៀតជួយសង្គ្រោះ​ផុតពីសេចក្តីស្លាប់​នៅចំណុច​មុខវត្តជ្រោយថ្ម ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

យោងតាម​ប្រភព​ព័ត៌មាន​អោយដឹងថា​ នៅថ្ងៃ​ទី១២​ ខែសីហា​ឆ្នាំ​២០២០​វេលា​ម៉ោង១១និង៥០នាទី កំលាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលបឹងកុកបានទទួលព័ត៌មាន​ពីប្រជាពលរដ្ឋថា មានករណីមនុស្សលង់ទឹក នៅចំណុចខាងលេី​ ។ ភ្លាមនោះលោក​វរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការ​នគរបាលក្រុងកំពង់ចាម ចាត់​អោយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល​បឹងកុក សហការជាមួយកម្លាំងអធិការ​ដ្ឋាននគរបាលក្រុង-កម្លាំងអន្តរាគមន៍​ស្នងការដ្ឋាននគរបាលខេត្ត-កម្លាំងចរាចរណ៍ផ្លូវទឹក ចុះទៅដល់កន្លែងកើតហេតុដោយពិនិត្យឃើញថាពិតមានករណីមនុស្សលង់ទឹកចំនួន៣នាក់ មានឈ្មោះដូចខាងក្រោម​ ៖

១-ឈ្មោះ​ សុខ សេដា​ ភេទប្រុស អាយុ ៣៥ឆ្នាំ មានសតិមិនគ្រប់​ លិចបាត់រកអត់ឃើញ(ពូ)។

២-ឈ្មោះ​ ធូ វីយូហ្យា​ ភេទស្រី អាយុ១០ឆ្នាំ  (លិចបាត់រកមិនទាន់ឃើញ)​។

៣-ឈ្មោះ សុខ ខុត្តម ភេទប្រុស អាយុ ១១ឆ្នាំ ស្រង់បានហើយកម្លាំងសមត្ថកិច្ចនាំទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅ​មន្ទីរ​ពេទ្យទាន់ពេលវេលា។ 

យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប្រាប់ដំណេីររឿងអោយដឹងថា​ ​នៅ​ថ្ងៃទី១២វេលាម៉ោង១១៖១០នាទីឈ្មោះ សុខ សេដា ត្រូវជាពូនាំជិះម៉ូតូម៉ាក Honda ចេញពីផ្ទះមកលេងទឹកមុខ​វត្តជ្រោយថ្ម មានគ្នា៥នាក់មាន​ ១ .ឈ្មោះ​សុខ សេដា ២ . ឈ្មោះ​ សុខ ឧត្ដម​ ៣.​ឈ្មោះ​ ធូ វីយូហ្យា​ ៤. ឈ្មោះ​ សុខ លាភ​ និង​ ៥.ឈ្មោះ​ សុខ ដែន ។ 

ប្រភព​បន្ត​ថា​ នៅពេលមកដល់មុខវត្តក៏ទុកម៉ូតូនៅក្រោមដើមពោធិ៍មាត់ទន្លេរួចក៏នាំគ្នាចុះទៅលេងទឹក ។ ពេលលេងបានបន្តិចឈ្មោះ សុខ ដែន និង សុខ លាភ បានឡើងពីលេងទឹកមកចាំម៉ូតូមុន ចំណែក ៣នាក់ទៀតក៏នៅលេងបន្ត​ ពេលនោះឈ្មោះ សុខ ឧត្ដម បានឃើញ ឈ្មោះ ធូ វីយូហ្យា លង់ទឹក ពូ ឈ្មោះ សុខ សេដា បាន ហែលទៅជួយ ក៏លិចបាត់ទាំង២ ពេលនោះ សុខ ឧត្ដម បានស្រែកអោយគេជួយរួចក៏លិចបាត់ដែរ បន្ទាប់មកទៀតក៏មានទូកនៅក្បែរនោះអ៊ុំរក ចុះឡើងឃើញឈ្មោះ សុខ ឧត្ដម អណ្ដែតខ្លួនឡើងវិញ ម្ចាស់ទូកឃើញជួយស្រង់ឡើងលើទូក ដើម្បីជួយសង្គ្រោះ ចំណែក២នាក់ទៀតបានលិចបាត់តែម្តង 

លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន បានអោយ​សមត្ថកិច្ចខិតខំស្រង់រករហូតដល់ម៉ោង​១៥និង១០នាទី ថ្ងៃខែឆ្នាំដដែល ក្រុមម៉ុចទឹករុករកបានរកឃើញ១នាក់ទៀតឈ្មោះសុខ សេដា ភេទប្រុស​ អាយុ៣៥ឆ្នាំ​ នឹងស្រាវជ្រាវរកសពក្មេងស្រីម្នាក់បន្តទៀត​ រហូតដល់ម៉ោង១៥និង​៣០នាទីថ្ងៃដដែលបានរកឃើញ១នាក់ទៀត ឈ្មោះធូ វីយូហ្យា  ភេទស្រី​ អាយុ​១០ឆ្នាំ​ សរុបរកឃើញទាំងអស់ សពត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕​ ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖