ភ្នំពេញ៖ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានដឹកនាំប្រជុំគណៈកម្មាធិការសង្គមកិច្ច សម្រាប់មហាសន្និបាតអាយប៉ាលើកទី៤១ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេច ឯកសារទិសដៅសកម្មភាពដែលអាយប៉ា បាននឹងកំពុងបន្តអនុវត្តកន្លងមក ជាពិសេសរិះរកយន្តការថ្មីៗ សំដៅពង្រីកកិច្ចសហប្រតិបត្តិការរវាងអាយប៉ា និងអាស៊ាន អោយកាន់តែមានសមាហរណកម្មជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកដោះស្រាយបញ្ហារួមនានាដែលកើតមាននៅក្នុងតំបន់អាស៊ាន និងសកលលោក ជាពិសេសជំរុញថែមទៀតនូវទំនាក់ទំនងជាមួយដៃគូនានាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសកល កូវីដ-១៩ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ។
កិច្ចប្រជុំនេះបានប្រព្រឹត្តនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
លោកស្រី និន សាផុន បានជំរុញក្រុមការងារបច្ចេកទេសត្រូវខិតខំស្រាវជ្រាវចងក្រងឯកសារ ដែលជាទស្សនទាននិងព្រាងនូវមូលបទសម្រាប់កិច្ចប្រជុំមហាសន្និបាតអាយប៉ាលើកទី៤១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២០ នៅប្រទេសវៀតណាម តាមប្រព័ន្ធវីដេអូ ដែលមានស្ថាប័ននីតិប្បញ្ញត្តិទាំង១០ ប្រទេសចូលរួមមាន៖ កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងប្រ៊ុយណេ៕
ដោយ៖ សិលា