ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែឈានមុខ ក្រសួងពាណិជ្ជកម្ម បានសម្ពោធផ្លាកឈ្មោះថ្មីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប ដែលអតីតជាអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ កាំកុងត្រូល។
នៅក្នុងពិធីសម្ពោធ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវវៃឆ្លាតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរៀបចំកំណែទម្រង់ស៊ីជម្រៅគ្រប់ស្ថាប័នរដ្ឋាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជំរុញស័ក្តិសិទ្ធភាព នៃការអនុវត្តការងាររបស់មន្ត្រីរាជការ ក្នុងនោះមានការកែសម្រួលតួនាទីនៅច្រកព្រំដែន របស់អតីតអគ្គនាយកដ្ឋានកាំកុងត្រូល កាលពីខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានណែនាំឱ្យអគ្គនាយកដ្ឋាន បន្តបំពេញតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្មបានប្រគល់ជូន ឱ្យស័ក្តិសមជាមួយនឹងមុខមាត់ថ្មីរបស់អគ្គនាយកដ្ឋាន ពិសេសផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធិខ្ពស់។បច្ចុប្បន្នអគ្គនាយកដ្ឋានថ្មីនេះ ដឹកនាំដោយលោក ផាន អូន។
ចំពោះតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. គឺទទួលខុសត្រូវលើការងារពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ត្រួតពិនិត្យទំនិញ និងសេវា ទាំងក្នុងក្របខ័ណ្ឌទទួលខុសត្រូវផ្ទាល់ និងកិច្ចសហប្រតិបត្តបត្តិការ សំដៅទប់ស្កាត់ និងបង្រ្កាបការក្លែងបន្លំពាណិជ្ជកម្ម និងចាត់ចាត់វិធានការចំពោះការព្រមព្រៀងដែលរិតត្បិត រារាំង ឬបង្ខូចដល់ការប្រកួតប្រជែង ធានាគុណភាព សុវត្ថិភាព និងអនុលោមភាពនៃផលិតផលទំនិញ និងសេវា ក្នុងគោលបំណងដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ធានាបាននូវសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងធានាឱ្យការប្រកួតប្រជែងក្នុងពាណិជ្ជកម្មម្ហូបអាហារ ប្រព្រឹត្តទៅប្រកបដោយសមធម៌៕ដោយ៖ស តារា