ភ្នំពេញ៖ អាជ្ញាធររាជធានី-ខេត្ត នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជួយសង្គ្រោះ ពិនិត្យ ថែទាំ ព្យាបាលជំងឺកូវីដ-១៩ គ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗ។ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញលិខិតមួយ ជម្រាបជូនដល់ អភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យណែនាំដល់មន្ទីរសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ ក្នុងលិខិតរបស់ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖ ក្រសួងសុខាភិបាល សូមជម្រាបជូន អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា ក្រសួងសុខាភិបាលសូមកោតសរសើរដោយស្មោះដល់ក្រុម គ្រូពេទ្យនៅទូទាំងប្រទេស ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ពិនិត្យ ថែទាំ និងព្យាបាលជំងឺនៅ តាមមូលដ្ឋាសុខាភិបាលសាធារណៈ ជាពិសេសចាប់តាំងពីដើមឆ្នាំ២០២០ នៃការរាតត្បាតវីរុសកូវីដ-១៩ នៅក្នុងប្រទេស ក្នុងតំបន់ និងនៅលើសកលលោក។
លោករដ្ឋមន្រ្តីបានបន្ថែមថា៖ ក្នុងអំឡុងពេលឈប់សម្រាកចំនួន០៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្រសួងសុខាភិបាល សូមលោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ណែនាំដល់មន្ទីរសុខាភិ បាលរាជធានី-ខេត្ត ធ្វើការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយសង្គ្រោះ ពិនិត្យ ថែទាំ ព្យាបាលជំងឺកូវីដ-១៩ គ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗ។
សូមជម្រាបថា៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤នាក់បន្ថែមទៀត ជាបុរសជនជាតិខ្មែរធ្វើដំណើរមកពីប្រទេសរុស្ស៉ី និងឥណ្ឌូនេស៊ីកាលពីខែកក្កដា។ ទន្ទឹមនឹងមានអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ៕
ដោយ៖សិលា