អន្តរជាតិ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ួនហ្វុក បានលើកឡើងនៅថ្ងៃទី១២ ខែសីហាម្សិលមិញនេះថា ក្នុងរយៈពេល ១០ថ្ងៃខាងមុខនេះ វាគឺជាពេលដ៏សំខាន់បំផុតសម្រាប់វៀតណាម ដើម្បីទប់ស្កាត់ក្នុងការប្រយុទ្ធប្រឆាំងជាមួយCOVID-19 កំពុងតែរាតត្បាតខ្លាំងនៅក្នុងប្រទេស។
អាជ្ញាធរសុខាភិបាលវៀតណាម បានរាយការណ៍នៅល្ងាចថ្ងៃទី១២ ខែសីហាថា មានករណីឆ្លងចំនួន ១៤ករណី និងនៅព្រឹកថ្ងៃទី១៣ខែសីហានេះ មានឆ្លង៣ករណីបន្ថែមទៀត ។ ដោយតួលេខឆ្លងនេះ គឺថយចុះបន្តិច បើធៀបនឹងតួលេខឆ្លងកាលពីផ្ទុះ COVID-19 ដំបូងនៅក្នុងទីក្រុងដាណាង ដែលមានជាង ៤០ករណីឯណោះ។ ចំណែកអ្នកស្លាប់វិញ វៀតណាម បានកើនដល់១៨នាក់ហើយ ដោយសុទ្ធសឹងមានជំងឺរ៉ាំរ៉ៃប្រចាំខ្លួនទាំងអស់។
នាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន ស៊ួនហ្វុក បានលើកឡើងពាក់ព័ន្ធករណីឆ្លងនេះយ៉ាងដូច្នេះថា « គួរកត់សម្គាល់ រយៈពេលចាប់ពីសប្តាហ៍នេះដល់ពាក់កណ្តាលសប្តាហ៍ក្រោយ គឺជាពេលដ៏សំខាន់បំផុត»។ មេដឹកនាំរូបនេះ ក៏លើកជាសំណួរថា៖ តើវៀតណាម គួរជ្រើសរើសយកវិធីសាស្ត្របែបណា ដើម្បីយកឈ្នះCOVID-19 ហើយ តើមេរៀនអ្វី ដែលវៀតណាម បានរៀនពីការផ្ទុះCOVID-19 ក្នុងពេលបច្ចុប្បន្ន?
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ទីក្រុងដាណាង និងទីក្រុងហាណូយ បានចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំលើប្រជាជនហើយនិងដាក់ចត្តាឡីស័ក អ្នកដែលធ្លាប់ទាក់ទងជាមួយអ្នកផ្ទុកCOVID-19 ទាំងអស់។
បើតាមការចុះផ្សាយរបស់កាសែតរដ្ឋាភិបាលវៀតណាមVGP News លោកលោកនាយករដ្ឋមន្ត្រី បានអះអាងថា ពេទ្យចំនួន ៣០០នាក់ត្រូវបានបញ្ជូនទៅខេត្តQuang Nam ដែលជាប់ក្រុងដាណាង។ កន្លងមក វៀតណាមក៏បានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រជាច្រើនទៅទីក្រុងដាណាងរួចហើយដែរ។
គួរបញ្ជាក់ថា ការធ្វើតេស្តទ្រង់ទ្រាយធំ អាចធ្វើបាន ទាល់តែមានសម្ភារធ្វើតេស្តគ្រប់គ្រាន់។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលវៀតណាម បានអំពាវនាវឲ្យបង្កើនការផលិតសម្ភារធ្វើតេស្តបន្ថែមទៀត ដើម្បីស្វែងរកCOVID-19 ។
ជុំវិញបញ្ហានេះដែរកន្លងមក រដ្ឋាភិបាលវៀតណាម បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃCOVID-19។ មិនតែប៉ុណ្ណោះវៀតណាម បានយកកីឡដ្ឋានមួយធ្វើជាមន្ទីរពេទ្យ ដែលមានគ្រែចំនួន១០០០ ថែមទៀតសម្រាប់ដាក់អ្នកជំងឺCOVID-19។ បើគិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសវៀតណាម មានករណីឆ្លងសរុបចំនួន៨៨៣ករណី, អ្នកស្លាប់មានចំនួន ១៨នាក់ និងអ្នកជាសះស្បើយមានចំនួន៤០៩នាក់៕ដោយ៖ស តារា