ព័ត៌មានទាន់ហេតុការណ៍៖

សូមជនរួមជាតិបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពិសេសក្នុងអំឡុងឱកាស សងថ្ងៃឈប់សម្រាកការងារ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ ក្នុងអំឡុងឱកាស សងថ្ងៃឈប់សម្រាកការងារ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ (សងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិ កន្លងទៅ) សូមក្រើនរំឮក អំពាវនាវ ដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ បន្ថែមពីលើការអនុវត្តគ្រប់វិធានការ ការពារការឆ្លងជម្ងឺកូវីដ-១៩ សូមមេត្តាយកចិត្តទុកដាក់ ការប្រុងប្រយ័ត្ន និងការចូលរួមគោរពច្បាប់ចរាណ៍ផ្លូវគោករាល់ពេលធ្វើដំណើរនៅលើដងផ្លូវជានិច្ច។
សូមបញ្ជាក់ថា៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរប្រកបដោយ ក្តីមោទនភាព ជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុលផុសក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយ ការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងទៅ។

ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង ដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬខ្ចីខ្ជាមិនគោរពច្បាប់។
ក្នុងឱកាសដែលប្រទេសកម្ពុជាកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងការឆ្លងជម្ងឺកូវីដ១៩ ហើយក៏ស្របពេលដែល រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សម្រាកនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ សងថ្ងៃប្រារព្ធពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីខែមេសា ឆ្នាំ២០២០ កន្លងមកនេះ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ បន្ថែមពីលើការអនុវត្តគ្រប់វិធានការ ការពារការឆ្លងជម្ងឺកូវីដ១៩ សូមមេត្តាបន្តការយកចិត្តទុកដាក់ ការប្រុងប្រយ័ត្ន និងការចូលរួមគោពច្បាប់ចរាចរណ៍ ផ្លូវគោករាល់ពេលធ្វើដំណើរនៅលើដងផ្លូវជានិច្ច។ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ត្រូវ
អនុវត្តតាមវិធានការដូចខាងក្រោម៖
១-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ គ្រប់ពេលវេលា។
២-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។
៣-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។

៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៥-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។

៦-មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងកាប់ទំនាក់ទំនង។
៧-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្នឹង ភ្លើងបំភ្លឺ ។ល។
៨-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។

៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យ។
១១-សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការ ច្បាប់ដ៏តឹងរ៉ឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។ ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូន គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុម រម្យនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើង។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប នឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវ សុវត្ថិភាព និងសេចក្តីសុខ ក្នុងឱកាសសងថ្ងៃឈប់សម្រាកការងារ ខាងមុខនេះ និងបន្តជារៀងរហូតទៅ៕ដោយ៖ សុខ ខេមរា


ចែករំលែក៖