ព័ត៌មានទាន់ហេតុការណ៍៖

លោក អុិត គឹមស្រ៊ន ដឹងគុណថ្នាក់ដឹកនាំ ផ្តល់ទំនុកចិត្ត ប្រគល់ភារកិច្ចដឹកនាំស្នងការនគរបាលខេត្តកំពង់ធំ

ចែករំលែក៖

    ខេត្តកំពង់ធំ ៖ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការខេត្តកំពង់ធំជាបណ្ដោះអាសន្ន និងផ្ទេរភារកិច្ចស្នងការរងម្នាក់មកនាយកដ្ឋានបុគ្គលិក និងតម្រូវឱ្យលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ត្រូវមកបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បីរង់ចាំការសម្រេចជាថ្មី។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងជាស្នងការស្ដីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

សម្ដេចក្រឡាហោម ស ខេង ក៏បានសម្រេចផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី អ៉ឹម សុគឿន ពីស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ ឲ្យមកបម្រើការងារនៅនាយកដ្ឋានបុគ្គលិកផងដែរ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល អតីតស្នងការខេត្តកំពង់ធំ ទោះត្រូវថ្នាក់លើដកក៏ដោយ តែព្យាយាមបង្ហាញពីភាពស្អាតស្អំតាមរយៈចេញមុខបកស្រាយ តាមFacebook អនឡាញ ជាដើម ខណៈស្តាប់ទៅបង្ហាញឱ្យឃើញកាន់តែច្បាស់ពីភាពខ្វះការទទួលខុសត្រូវរបស់គាត់ នោះពិតប្រាកដមែន ។ នេះមិនគិតដល់ដល់វិន័យកម្លាំងត្រូវគោរពបទបញ្ជាយ៉ាងណានោះផង..! 

ដោយឡែក លោក អុិត គឹមស្រ៊ន មិនបានដឹងខ្លួនមុនពីការទទួលតំណែងថ្មីជំនួស លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល អតីតស្នងការខេត្តកំពង់ធំ ទទួលភារកិច្ចស្តីទី បានសំដែងនូវការដឹងគុណថ្នាក់ដឹកនាំ ដែលផ្តល់ទំនុកចិត្ត ប្រគល់ភារកិច្ចដឹកនាំស្នងការនគរបាលខេត្តកំពង់ធំ ។ ក្នុងនោះលើ Facebook ផ្លូវការ របស់លោក បានសរសេរថា៖ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រីអុិត គឹមស្រ៊ន ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមនាយឧត្តមសេនិយ៍សន្តិបណ្ឌិត

នេត សាវឿន អគ្គស្នងការនគរបាលជាតិ , ឯកឧត្តម នាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាន បុគ្គលិក ឯកឧត្តមសុខ លូ អភិបាលខេត្ត និងឯកឧត្តមឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលបានផ្តល់ទំនុកចិត្ត ដល់រូបខ្ញុំបាទ អោយដឹកនាំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ 

លោកបន្តថា៖ ខ្ញុំបាទ ប្តេជ្ញាចិត្ត យកអស់កំលាំងកាយ ចិត្ត ប្រាជ្ញា ក្នុងការដឹកនាំសម្របសម្រួល ក្នុងអង្គភាព ដើម្បីគោលដៅ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ អោយបានល្អប្រសើរ ព្រមទាំងគោរពជូនពរ

សម្តេច ឯកឧត្តម មានសុខភាពល្អទទួលបានជោគជ័យគ្រប់ភារកិច្ច

ជូនរាជរដ្ឋាភិបាល និងជួបប្រទះពុទ្ឋិពរ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ សិលា


ចែករំលែក៖