អន្តរជាតិ៖ បណ្តាប្រទេសទ្វីបអាហ្វ្រិក បានបង្ហាញការគាំទ្រ យ៉ាងខ្លាំងដល់ ក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ បំពាក់បណ្តាញ សេវាអត់ខ្សែជំនាន់ទី៥ 5G ក្រោយពេលបណ្តាប្រទេសលោកខាងលិចបោះបង់ក្រុមហ៊ុននេះ ដោយរងសម្ពាធពីអាមេរិក។
បណ្តាប្រទេសលោកខាងលិច បានព្យាយាមបោះបង់ក្រុមហ៊ុនហួវៃ នៅក្នុងទីផ្សាររបស់ខ្លួន ប៉ុន្តែក្រុមហ៊ុននេះ បានព្យាយាមរកទីផ្សារផ្សេងជំនួសវិញ ពិសេសគឺបណ្តាប្រទេសអាហ្វ្រិក។
តាមសារព័ត៌មានSouth China Morning Post (SCMP) កាលពីថ្ងៃទី១៦ខែសីហាបានផ្សាយថា ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសេវាអត់ខ្សែ តែមួយគត់នៅក្នុងទ្វីបអាហ្វ្រិក គឺក្រុមហ៊ុន Rain ។ ពេលនេះក្រុមហ៊ុនRainបានសហការជាមួយ ក្រុមហ៊ុនហួវៃ ក្នុងការបង្កើត 5G ។
តាមសារព័ត៌មាន SCMP រដ្ឋាភិបាលប្រទេស កេនយ៉ា(Kenya)បានអនុវត្តតាម រូបមន្តសហប្រតិបត្តិការរបស់អាហ្វ្រិកខាងត្បូង ដោយសហការជាមួយក្រុមហ៊ុន បច្ចេកវិទ្យាចិន ក្នុងការបង្កើត សេវា5G ។
ប្រទេសជាច្រើនផ្សេងទៀត គឺLesotho,Nigeria, Uganda, Senegal, Morocco, អេហ្ស៊ីប កុងហ្គោ កំពុងតែ សាកល្បង បណ្តាញសេវា5G ។ ការព្រមព្រៀង ខាងលើ គឺជាជោគជ័យយ៉ាងធំធេងចំពោះហួវៃ ក្រោយលោកខាងលិច ដើរតាមអាមេរិក បោះបង់ហួវៃ។
កន្លងមកក្រុមហ៊ុនហួវៃ បានផ្គត់ផ្គង បណ្តាញសេវា 4G ដល់៤០ប្រទេស ក្នុងចំណោម៥៤ប្រទេសទ្វីបអាហ្វ្រិក ចាប់តាំងពីឆ្នាំ១៩៩៨មក ហើយពេលនេះបន្តអភិវឌ្ឍន៍បង្កើតបណ្តាញ 5G បន្តទៀត៕ដោយ៖ធី រីណា