ខេត្តកណ្តាល៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នេះ លោក ជួន វណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួន តាមរយៈសាលក្រមសម្រេចមុនអង្គសេចក្តី ទៅលើស្ត្រីឈ្មោះ ជុន មុំ អាយុ៤៩ឆ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន ករណីផលិតស្ករត្នោតក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរ ។
ជនត្រូវចោទត្រូវបានចោទប្រកាន់ពីបទ «កែច្នៃផលិតផលទំនិញដែលច្បាប់ហាមឃាត់» ប្រព្រឹត្តនៅភូមិរំលេច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ តាមមាត្រា១៧ មាត្រា១៨ និង មាត្រា៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលនិងសេវា ។
គួររំលឹកថា កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានបង្ក្រាបទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយមួយកន្លែងស្ថិតនៅក្នុងភូមិរំលេច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ជុន មុំ នេះ ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំឱ្យគាត់បញ្ឈប់ផលិតស្ករត្នោតក្លែងក្លាយចំនួន៥លើករួចមកហើយ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន រួមមាន ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន១២ធុងស្មើ៣៤៨គីឡូក្រាម , ស្ករសចំនួន៣បាវស្មើ១៥០គីឡូក្រាម , ប្រេងឆាមួយប៊ីដុងកន្លះស្មើនឹង៧,៥លីត្រ , ម៉ូទ័រកូរស្ករ ចំនួន១ឆ្នាំងនិងខ្ទះចំនួន៣ ៕ដោយ៖ ឆ ដា