ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួស៩នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងចំនួន៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៤ករណីនៅខេត្តពោធិ៍សាត់ ។

 តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចច្រកព្រាល ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និឹងអ្នកជិះម៉ូតូដែលបើកស្របទិសគ្នាបណ្ដាលឲ្យរងរបួសម្ខាងស្រាលម្ខាងទៀតធ្ងន់ ។ លុះនៅរសៀលថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥៥ដដែល ស្ថិតនៅភូមិឃុំប្រមោយស្រុកវាលវែង មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីទៀត រវាងអ្នកជិះម៉ូតូ នឹងអ្នកជិះម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ និង២នាក់ទៀតរបួសធ្ងន់។

 ចំណែកសមត្ថកិច្ចស្រុកបាកានវិញបានប្រាប់ដែរថា នៅល្ងាចថ្ងៃដដែលនៅលើកំណាត់ផ្លូវជាតិលេខ៥៥ដដែល ស្ថិតនៅភូមិដង្កៀបក្ដាម ឃុំស្នាមព្រះ ស្រុកបាកាន ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ រវាងអ្នកជិះម៉ូតូ និងម៉ូតូដែលបើកច្រាសទិសគ្នា បណ្ដាលឲ្យរងរបួស៣នាក់ ធ្ងន់។

 ដោយឡែក សមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យបានប្រាប់ដែរថា នៅយប់ថ្ងៃទី១៧ ដដែលនេះ នៅលើកំណាត់ផ្លូវលំ ស្ថិតនៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែរ រវាងអ្នកបើកបររថយន្ត១គ្រឿង នឹងស្រ្តីជិះម៉ូតូច្រាសទិសគ្នា បណ្ដាលឲ្យស្រ្តីជិះម៉ូតូរបួសបាក់ដៃ និងជើងធ្ងន់ ។

 ពេលនេះ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោក កំពុងមមាញឹកបន្តនីតិវិធី ៕ដោយ៖បុឹមពិន

 


ចែករំលែក៖