អន្តរជាតិ៖មេដឹកនាំប្រទេសមួយចំនួននៅទ្វីបអាស៊ី អាមេរិកឡាទីន អាមេរិកខាងជើង បានប្រកាសថា នឹងក្លាយជាបុគ្គលទី១ស្ម័គ្រចិត្តចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩របស់រុស្ស៊ី។ សកម្មភាពខាងលើកើតឡើងក្រោយពេលប្រទេសមួយចំនួន ក្នុងនោះមានអាមេរិក និងអឺរ៉ុប បង្ហាញការសង្ស័យពីកម្រិតសុវត្ថិភាព ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ប្រធានាធិបតី ម៉ិចស៊ីកូលោកLopez Obradorបានប្រកាសថា លោកមានបំណងចង់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់រុស្ស៊ីមុនគេបង្អស់ដើម្បីបញ្ជាក់ពីកម្រិតសុវត្ថិភាពនិងគុណភាព។ ប្រធានាធិបតិLopez Obrador បញ្ជាក់ថា«ខ្ញុំជាមនុស្សដំបូងគេចាក់វ៉ាក់សាំងរបស់រុស្ស៊ី»។
ម៉ិចស៊ីកូជាប្រទេសជិតខាងអាមេរិក មានភាពជិតស្និទ្ធជាមួយអាមេរិក ហើយមានករណីឆ្លងកូវីដ-១៩ជាង កន្លះលាននាក់ហើយនិងស្លាប់ជាង៥៧ពាន់នាក់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ិចស៊ីកូបញ្ជាក់ថា ប្រទេសនេះត្រូវទិញវ៉ាក់សាំង ២០០លានដូសទើបគ្រប់គ្រាន់។
រុស្ស៊ីបញ្ជាក់ថា វ៉ាក់សាំងSpunik Vប្រឆាំងកូវីដ-១៩ គឺមានសុវត្ថិភាពល្អនិងមានប្រសិទ្ធភាពខ្ពស់ដោយឆ្លងកាត់ការត្រួតពិនិត្យពីក្រុមអ្នកជំនាញយ៉ាងយកចិត្តទុកដាក់បំផុត។ ចំណែកការមន្ទិលសង្ស័យពីបណ្តាប្រទេសលោកខាងលិច គឺជារឿងធម្មតា ក្នុងការប្រកួតប្រជែងលើទីផ្សារវ៉ាក់សាំងតែប៉ុណ្ណោះ ដោយសារតែលោកខាងលិចមិនទាន់មានវ៉ាក់សាំងទើបវាយប្រហារទៅលើគូប្រជែងបែបនេះ។
ក្រៅពីប្រធានាធិបតីម៉ិចស៊ីកូ នៅមានប្រធានាធិបតី វេណេហ្ស៊ុយអេឡា ហ្វីលីពីន ក៏បង្ហាញពីគោលបំណងចង់ចាក់វ៉ាក់សាំងកូវីដ-១៩ Spunik V របស់រុស្ស៊ីមុនគេបង្អស់ផងដែរ៕
ដោយ៖ធី រីណា