ភ្នំពេញ៖ រថយន្តពីរគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតកំពុងរង់ចាំភ្លើងស្តុបបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អគ្មានអ្នករបួស។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី ២០ខែសីហាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះ=ឈ្នះក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ហ្វត ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BH-7513បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុរថយន្តបានឈប់រង់ចាំភ្លើងស្តុបចរាចរណ៍ភ្លាមនោះស្រាប់តែមានរថយន្ត២គ្រឿងម៉ាកហ៊ីយ៉ាន់ដាយដូចគ្នាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 3C-7681និងមួយគ្រឿងទៀតពណ៌សពាក់ស្លាកលេខភ្នំពេញ 2B-7496បើកបរទិសដៅពីលិចទៅកើតមកពីក្រោយរថយន្តហ្វតក្នុងល្បឿនលឿនដូចគ្នាហើយក៏ជ្រុលទៅបុករថយន្តហ្វតពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕ដោយ៖ ចន្ទ លីហ្សា