ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសុខាភិបាល អះអាងថា៖ បុរសជនជាតិចិនដែលស្លាប់នៅស្រុកកងមាស ខេត្តកំពង់ចាម មិនមែនដោយសារជំងឺកូវីដ-១៩ ទេ គឺដោយសារគាំងបេះដូងពេលរួមភេទ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ លោកស្រី វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានចេញមកបំភ្លឺជុំវិញករណីបុរសជនជាតិចិនម្នាក់ ដែលស្លាប់នៅស្រុកកងមាស ខេត្តកំពង់ចាមនោះ មិនមែនជាករណីជំងឺកូវីដ១៩ឡើយ គឺដោយសារជំងឺគាំងបេះដូងពេលកំពុងរួមភេទ

លោកស្រី វណ្ណឌីន បានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា មានបុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗនៅពេលរួមភេទ ដែលហេតុការណ៍នេះបានកើតឡើងនៅស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែសីហាឆ្នាំ២០២០នេះ

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បន្តថា តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា មានបុរសជនជាតិ អាយុ៤៦ឆ្នាំ បានមកលេងផ្ទះសង្សារគាត់ដែលជាស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ លុះដល់ម៉ោង៣ជិតភ្លឺ គាត់ក៏បានគាំងបេះដូងស្លាប់ពេលកំពុងរួមភេទ (តាមការពិនិត្យធ្វើកោសល្យវិច័) និងស្ត្រីជាសង្សារក៏បានបញ្ជាក់ប្រាប់ក្រុមគ្រូពេទ្យថា បុរសជនជាតិចិនរូបនេះ បានស្លាប់ពេលកំពុងរួមភេទដែរ។

ក្រសួងក៏សូមបញ្ជាក់ជូនផងដែរថា ជនជាតិចិនដែលបានស្លាប់ខាងលើនេះជាមេការសំណង់នៅរាជធានីភ្នំពេញ បានប្រតិព័ទ្ធស្រឡាញ់គ្នាជាមួយស្ត្រីខាងលើប្រហែលជាមួយឆ្នាំហើយ ហើយបុរសជនជាតិចិនរូបនេះ តែងតែមកលេងស្រុកខាងស្ត្រី និងជួបស្ត្រីនេះម្តងៗ មុនពេលដែលមានហេតុការណ៍ស្លាប់ខាងលើនេះ។

លោកស្រី ឱ វណ្ណឌីន បានបន្ថែមទៀតថា «ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានយកវត្ថុសំណាកពីសាកសពបុរសជនជាតិចិន នៅព្រឹកថ្ងៃទី២១ ខែសីហានេះ បញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយលទ្ធផលបានបញ្ជាក់ថា សពគ្មានផ្ទុកនូវវីរុសកូវីដ១៩នោះទេ។ដូច្នេះករណីស្លាប់ភ្លាមៗពេលរួមភេទនេះ គឺបណ្តាលមកពីការឡើងឈាមខ្លាំង ធ្វើឲ្យគាំងបេះដូងតែម្តង»

បច្ចុប្បន្ននេះ ក្រុមការងារសុខាភិបាល និងសមត្ថកិច្ចបានសហការជាមួយក្រសួងមហាផ្ទៃ ដឹកយកសាកសពទៅតម្កល់នៅវត្តទឹកថ្លា ដោយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកំពង់ចាម៕

ដោយ៖ស តារា


ចែករំលែក៖