ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង៥និង៣០នាទីនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន  បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជា ក្នុងតំណែងរដ្ឋមន្ត្រីការបរទេសរបស់លោកចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ ខែសីហា តាមរយៈយន្តហោះពិសេសរបស់រដ្ឋាភិបាលជប៉ុន

សូមជម្រាបថា តាមកម្មវិធីដែលបានព្រាងទុកក្នុងដំណើរបំពេញទស្សនកិច្ចនេះប្រមុខការទូតជប៉ុន នឹងអញ្ជើញជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី២២ ខែសីហាស្អែកនេះ។ នៅពេលរសៀលលោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

បញ្ហាទ្វេភាគី និងពហុភាគីមួយចំនួនដែលជាចំណាប់អារម្មណ៍រួមនៃភាគីទាំងពីរ ត្រូវបានរំពឹងថា នឹងលើកយកមកជជែកពិភាក្សានៅក្នុងជំនួបនេះ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នៅកម្ពុជា ត្រូវបានក្រសួងការបរទេសកម្ពុជា មើលឃើញថា ជាដំណើរទស្សនកិច្ចមួយជួយពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងកម្ពុជា និងជប៉ុននៅលើគ្រប់វិស័យទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី។ ដំណើរទស្សនកិច្ចនេះ ក៏ជាការបង្ហាញនូវសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ផងដែរ។

ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩ មកដល់ខែសីហា ឆ្នាំ២០២០នេះកម្ពុជាមិនទាន់បានទទួលមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសជាមិត្តណាមួយនៅឡើយនោះទេ។ ដំណើរទស្សនកិច្ចរបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ អាចចាត់ទុកជាដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ប្រទេសជាមិត្តដំបូងគេហើយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងកំលុងនៃវិបត្តិកូវីដ១៩នេះ។ ដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានចាត់ទុកជាដំណើរបំពេញទស្សនកិច្ចដ៏ពិសេស និងមានសារៈសំខាន់ផងដែរ។

គួរបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣។ ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជានយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌និងការផ្លាស់ប្តូរធនធានមនុស្សជាដើម។

មុនការអញ្ជើញមកដល់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ក៏បានចេញសារមួយផ្ញើជូនពលរដ្ឋកម្ពុជាផងដែរ។ នៅក្នុសារនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹបានគូសរំលេចពីការរីកចម្រើន និងការវិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។

សូមជម្រាបផងដែរថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ធ្លាប់បានអញ្ជើញមកកាន់ប្រទេសកម្ពុជាច្រើនលើកហើយតែក្នុងតំណែង និងតួនាទីផ្សេង។កាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មលោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបាននាំមកជាមួយនូវនាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា។

ក្នុងសារជូនពលរដ្ឋកម្ពុជា លោក បានលើកឡើងថា បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដែលលោកបានធ្វើដំណើរទស្សនកិច្ចលើកមុន ចំនួនប្រជាជនជប៉ុននៅកម្ពុជាបានកើនឡើង .២ដង (ពី១,៧៩៣នាក់ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន .៧ដង(ពី១៤២ក្រុមហ៊ុនដល់៣៨៨ក្រុមហ៊ុន) ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន.៣ដង (ពី ១០០លានដុល្លាអាមេរិករហូត ដល់ ២៣០លានដុល្លាអាមេរិក)

មិនតែប៉ុណ្ណោះលោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានបញ្ជាក់ថា ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុនកើន៤.៣ដង (ពី៣,៤៣៦នាក់ដល់១៥,០២០នាក់)

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ប្រមុខការទូតជប៉ុនរូបនេះ បានគូសបញ្ជាក់ថាលោកទន្ទឹងរង់ចាំជួបពិភាក្សាយ៉ាងស្មោះអស់ពីចិត្តជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរកាន់ តែរីកចម្រើនថែមទៀត៕ដោយ៖ស តារា


ចែករំលែក៖