កំពង់ស្ពឺ៖ នៅវេលាថ្ងៃត្រង់ទី២២ ខែសីហា ឆ្នាំ២០២០ នេះ លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និង កូនចៅ៦នាក់ បានបញ្ជូនដល់តុលាការខេត្តកំពង់ស្ពឺ ហេីយ ដេីម្បីចាត់ការតាមច្បាប់ ករណីពេលផឹកស៊ីស្រវឹងបែជានាំគ្នាបាញ់បោះសេរី យ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ទៅវិញ ដែលនាំអោយមជ្ឈដ្ឋានជាច្រើនរិះគន់យ៉ាងខ្លាំងក្លា ។
សមត្ថកិច្ច អះអាងថា ជនសង្ស័យ៧នាក់មាន៖ ឈ្មោះ កង ភារី ម្ចាស់កាំភ្លើង ឡុក , ឈ្មោះ កាន់ សៅលី ម្ចាស់កាំភ្លើង ឡុក , ឈ្មោះ ដន សុខុម អ្នកបាញ់ , ឈ្មោះ ម៉ាន់ ប៉ុណ្ណារ៉ា អ្នកបាញ់ , ឈ្មោះ ម៉ាន់ ប៊ុនណ្ណារែក អ្នកបាញ់ , ឈ្មោះ នី សុភាក់ អ្នកបាញ់ និង ឈ្មោះ ព្រីង ឡង់ឌី អ្នកបាញ់ ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ បញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ លោក កង ភារី បានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាក Lock ធ្វើសកម្មភាពឈរបាញ់បោះសេរីចំនួន៣គ្រាប់ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ពីខាងត្បូងចំណុចមាត់ស្រះទឹក ។
លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨៖៣០នាទី លោក កង ភារី បាននាំកូនចៅផឹកស៊ីស្រវឹង អួតអាង ហើយបានយកកាំភ្លើងមកឈរបាញ់បោះ បន្ថែមទៀត ។
ប្រជាពលរដ្ឋ បានរិះគន់បញ្ហានេះ ថា ខ្លួនជាសមត្ថកិច្ច គប្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ មិនគួរណា ផឹកស៊ីស្រវឹង អាងបាញ់បោះសេរី បែបនេះ សោះ ។
ទន្ទឹមនេះ ប្រជាពលរដ្ឋ ក៏បានគាំទ្រចំណាត់ការរបស់ថ្នាក់លើ ផងដែរ ដែលបានចាត់វិធានការ ភ្លាមៗ ចំពោះលោក កង ភារី ៕
ដោយ៖ចេស្តា