ព័ត៌មានទាន់ហេតុការណ៍៖

ល្បីតៗគ្នាថា អាជីវករនៅកែប «កោរភ្ញៀវមិនដាក់ទឹក» ថ្ងៃណាទើបអាចកែប្រែបាន ទៅ..!

ចែករំលែក៖

ខេត្តកែប៖ តំបន់ទេសចរណ៍ កែប ជាច្រើនឆ្នាំមកហើយល្បីរឿងក្រុមអាជីវករ «កោរភ្ញៀវមិនដាក់ទឹក» ឬនិយាយងាយស្តាប់ គឺអ្វីៗក៏លក់ថ្លៃដែរតាមរយៈបបូរមាត់របស់អ្នកលក់ ដោយមិនស្តាប់ការណែនាំរបស់អាជ្ញាធរឡើយ ។ ចំណែកភ្ញៀវទេសចរវិញបានរិះគន់ឡើងសឹកបបូរមាត់ទៅហើយលើបញ្ហានេះ តែ អ្វីៗហាក់នៅដដែល គ្មានការកែប្រែទេ ។ 

ប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើ រូបភាពទាំងនេះ នៅតែបន្តដដែលៗ បែបនេះ មិនយូរមិនឆាប់ទេ តំបន់ទេសចរណ៍កែបនឹងបាត់បង់ភ្ញៀវជាបន្តបន្ទាប់មិនខាន ។ 

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ អ្នកបានទៅតំបន់ទេសចរណ៍កែបនាថ្ងៃឈប់សម្រាកថ្មីៗនេះ បានទម្លាយរឿងរ៉ាវពិតយ៉ាងដូច្នេះថា ៖

បងប្អូនមួយចំនួនដែលបានទៅលេងនៅខេត្តកែប ប្រាកដជាបានដឹងហើយពីការគាបស៊ីតាំងពីផ្លូវចូលរហូតដល់ផ្លូវចេញ ។ ពេលចូលដល់ទឹកដីខេត្តកែបចង់មើលឆ្នេរកែប អ្នកត្រូវចំណាយយ៉ាងហោចណាស់ក៏៤ពាន់រៀលដែរ សម្រាប់អ្នកជិះរថយន្ត ។ ពេលទៅដល់ឆ្នេរកែប បើអ្នកចង់រកកន្លែងអង្គុយគយគន់ទេសភាពអ្នកត្រូវចំណាយប្រមាណ១០ម៉ឺនរៀលឬ១៥មុឺនរៀល ជាថ្លៃកន្ទេលក្រាលលើការ៉ូឡា ។ អ្នកចង់ចតឡាននៅក្បែរឆ្នេរទៀតនោះ អ្នកត្រូវចំណាយប្រមាណ២ម៉ឺនរៀលទៀត ហើយបើអ្នកឃ្លានចង់ញ៉ាំអាហារអ្នកក៏ត្រូវចំណាយប្រមាណ៦ម៉ឺនរៀលសម្រាប់ម្ហូបមួយមុខ ។ 

អ្វីដែលគួរកត់សម្គាល់នោះ គឺលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប​ បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា បញ្ហានេះបានហៅក្រុមអាជីវករមកអប់រំណែនាំរួចមកហើយ មុនថ្ងៃឈប់សម្រាក ដើម្បីកុំឱ្យឡើងថ្លៃសេវាកម្មម្ហូបអាហារ ផ្ទះសំណាក់ និង សណ្ឋាគារ ។ ប៉ុន្តែ វាហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ នៅក្នុងស្ថានភាពជាក់ស្ដែង ។ សរុបទៅកែបមិនអាក្រក់ទេ គឺអាក្រក់តែអាជីវករនៅតំបន់នោះប៉ុណ្ណោះ ។

ជាមួយគ្នានេះ ពលរដ្ឋម្នាក់ទៀត បានបង្ហាញពីតម្លៃម្ហូបនៅតំបន់ទេសចរ កែប ថា ៖  

ម្ហូប១មុខ តម្លៃ៦ម៉ឺនរៀល គឺគ្រប់មុខតែម្តង ។ បាយឆាគ្រឿងសមុទ្រ១ចាន ៥៥,០០០រៀល ។ ស្ងោរជ្រក់មាន់ សាច់មាន់សុទ្ធតែ.ក និងទ្រូង ដោយមាន់១ តម្លៃ៦ម៉ឺនរៀល ។ បង្គាស្រុស ចំនួន២២ក្បាល តម្លៃ៦ម៉ឺនរៀល ។ ត្រីជូរអែម១ក្បាល៦ម៉ឺនរៀល ។ បាយស ១ឆ្នាំង ១៥,០០០រៀល, ទឹកក្រូច១កំប៉ុង ៥ពាន់រៀល, ទឹកកក១កាតូ៥ពាន់រៀល ។

សរុបទូទាត់ទៅឃើញហើយ អ្នកណាមានគម្រោងចង់ទៅដើរលេងខេត្តកែបតែ២នាក់ប្តីប្រពន្ធថ្ងៃបុណ្យទាននោះ កុំទៅល្អជាង ពោលគឺទុកលុយ៧០ដុល្លារ ទៅជួល Bungalow គេវិញល្អជាង ដោយ១បន្ទប់៥០ដុល្លារ ។ យប់ឡើង មានសាច់អាំងផឹកស្រាក្រហម Romantic ប្រសើរជាងទៅអង្គុយត្រមង់ត្រមោច ស្តាប់តែបាស់គេចាក់ ស្តាប់តែគេស្រែកច្រៀងតម្លង់នោះ ។

បញ្ហានេះ សង្ឃឹមថា លោក សោម ពិសិដ្ឋ ដែលទើបឡើងជាអភិបាលខេត្តកែបថ្មី នឹងមានវិធានការ ឬ កែប្រែបញ្ហានេះឱ្យបានជោគជ័យផង ៕ដោយ៖ សហការី


ចែករំលែក៖