ខេត្តស្វាយរៀង៖ អស់រយះពេល១២ថ្ងៃចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ រហូតមកទល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០សត្វគោក្របីរបស់ប្រជាពលរដ្ឋ នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង កំពុងឈឺ និងងាប់បន្តបន្ទាប់ ដោយសារជម្ងឺសារទឹក និងបុសខ្យល់ ខណៈគោក្របី មួយចំនួនត្រូវភ្លៀងប្រកាច់ងាប់ភ្លាមៗ រកការព្យាបាលមិនទាន់ ឯខ្លះទៀតឈឺបន្តកន្ទុយគ្នា។ ពលរដ្ឋស្នើរដល់មន្ត្រីជំនាញចុះព្យាបាលឲ្យទាន់ពេលវេលា។
បើតាមលោក យិន សុភាព មន្ត្រីពេទ្យសត្វស្រុកចន្រ្ទា ខេត្តស្វាយរៀង លើកឡើងថា មុនដំបូង គោក្របីបានងាប់រួចហើយមានចំនួន២២ក្បាល ហើយកំពុងឈឺធ្ងន់៧១ក្បាលផ្សេងទៀត។ ស្ថានភាពជំងឺសត្វមិនថមថយទេ នៅកើនឡើងជាបន្តបន្ទាប់។
ជាមួយគ្នានេះ មន្ត្រីពេទ្យសត្វបានធ្វើលិខិតទៅពេទ្យសត្វខេត្តស្វាយរៀង សុំជួយអន្តរាគមន៍បន្ទាន់ ក៏ប៉ុន្តែជិត១សប្តាហ៍ហើយមិនឃើញ មកជួយព្យាបាលនោះទេ។
ពលរដ្ឋឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានស្នើរដល់អភិបាលខេត្តស្វាយរៀង សូមចាត់មន្ត្រីជំនាញ ចុះមកព្យាបាលសត្វគោ ក្របីរបស់ពួកគាត់ផង ព្រោះកំពុងឈឺ និងងាប់ហើយករណីនេះ វាកំពុងរាលដាលដល់ភូមិផ្សេងបន្ថែមទៀត បើមិនមានការអន្តរាគមន៍ ទប់ស្កាត់ពីមន្ត្រីជំនាញទាន់ពេលវេលានោះ៕
ដោយ៖យឹម សុថាន