ព័ត៌មានទាន់ហេតុការណ៍៖

អុីតាលីមានករណីឆ្លងកូវីដ​១៩ ជាង​១ពាន់នាក់ក្នុង​រយៈពេល​២៤ម៉ោង ខ្ពស់បំផុត​ចាប់តាំងពីខែឧសភាមក

ចែករំលែក៖

ក្រសួងសុខាភិបាលអុីតាលី​ បានប្រកាសឲ្យដឹងថា មានករណីឆ្លងកូវីដ​-១៩ថ្មីត្រូវបានរកឃើញមានដល់ទៅ១.០៧១នាក់ ក្នុងរយៈពេល​២៤ម៉ោង គឺជាចំនួនយ៉ាងច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីខែឧសភា មកទល់ពេលនេះ។ នេះជាលើកទីមួយហើយដែលអុីតាលី​មានអ្នកឆ្លងលើសពី​១ពាន់នាក់​ក្នុងមួយថ្ងៃ។
អុីតាលីគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយកូវីដ​-១៩ នៅក្នុងតំបន់អឺរ៉ុប​ ដោយមានករណីឆ្លង២៥៨,១៣៦នាក់ និងស្លាប់ដល់ទៅ​៣៥ពាន់នាក់។ ពេលវេលាដែលឆ្លងរាលដាលនិងស្លាប់ច្រើនជាងគេបំផុតចាប់ពីខែមីនា ដល់ខែមេសា​ ហើយតាំងពីខែឧសភាមក អុីតាលីបានទប់ស្កាត់យ៉ាងល្អ ដោយមិនមានអ្នកឆ្លងលើសពី​១ពាន់នាក់ឡើយក្នុង​មួយថ្ងៃ។
ចំនួនអ្នកឆ្លងកូវីដ​-១៩ ខ្ពស់បំផុតដែលអុីតាលីរកឃើញចុងក្រោយ គឺនៅថ្ងៃទី​១២ខែឧសភាឆ្នាំ​២០២០ នៅពេលនោះមានអ្នកឆ្លង ១.៤០២នាក់​។ ការរកឃើញមុនពេល៦ថ្ងៃដែលអ៊ុីតាលីអនុញ្ញាតឲ្យ ភោជនីយដ្ឋាន បារ ក្លិប បើកទ្វារដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ​ក្រោយបិទទ្វារជាង​១០សប្តាហ៍មក។
លោក Francesco Vaia អគ្គនាយកមន្ទីរពេទ្យSpallanzani នៅទីក្រុង រ៉ូម ប្រទេសអុីតាលី ​បានឲ្យដឹងថា ភាគច្រើនអ្នកឆ្លងកូវីដ វិធីសាស្ត្រទប់ស្កាត់កូវីដ​-១៩​រាលដាល គឺត្រូវតែត្រួតពិនិត្យ ធ្វើតេស្តនៅតាមមធ្យោបាយធ្វើដំណើរផ្សេងៗ មាន រថភ្លើង នាវា​ យន្តហោះជាដើម ជាវិធីសាស្ត្រទប់ស្កាត់ការឆ្លងរាលដាល។
ក្រុមអ្នកជំនាញបានលើកឡើងថា មិនថាតែនៅប្រទេសអុីតាលី ឬប្រទេសតំបន់អឺរ៉ុបផ្សេងទៀតនោះឡើយ គឺនៅជុំវិញពិភពលោក​ទាំងមូលមានករណីឆ្លងកើនឡើងខ្ពស់ដូចគ្នា​ ដោយសារតែប្រទេសជាច្រើនសម្រេចបើកទ្វារ​ជួយដល់សេដ្ឋកិច្ចជាតិដំណើរការឡើងវិញ។ ដោយឡែកនៅតំបន់អឺរ៉ុបមានប្រទេសមួយចំនួនបានអនុញ្ញាតឲ្យអ្នកទេសចរក្នុងតំបន់ទៅកម្សន្តក្នុងប្រទេសរបស់ខ្លួន ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ៕

ដោយ៖ធី រីណា


ចែករំលែក៖