ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី នឹងសហការជាមួយចិន ព្រមទាំងក្រុមហ៊ុនហួវៃ ស្តីពីបច្ចេកវិទ្យា ​5G

ចែករំលែក៖

អន្តរជាតិ៖ រុស្ស៊ីបានប្រកាសថា នឹងសហការជាមួយចិន ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ហួវៃ​ដើម្បីបង្កើតបណ្តាញសេវាអត់ខ្សែជំនាន់ទី​៥​ 5G ដែលរដ្ឋាភិបាល​ទីក្រុងមូស្គូខិតខំអភិវឌ្ឍន៍។
សារព័ត៌មាន​Sputnik ​របស់រុស្ស៊ីបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov ដែលបានប្រកាសក្នុងវេទិកាអប់រំ​យុវជន​”Territory of Meanings” ថា រុស្ស៊ីមិនអាចដើរតាមអាមេរិកឡើយ ដោយរុស្ស៊ីនឹងសហការជាមួយចិន​ក្នុងវិស័យ ​សេវាអត់ខ្សែ ជំនាន់ទី​៥ 5G ។
ជាមួយគ្នានេះ​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក​Lavrov បានបញ្ជាក់ទៀតថា រុស្ស៊ីបាន​បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសរួមគ្នាដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបច្ចេកវិទ្យាទំនើប ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា «​5G មានសារៈសំខាន់​ចំពោះ​យើងទាំងអស់គ្នា ហើយរុស្ស៊ីនឹងមិននៅពីក្រោយការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យា​​ ពិសេសគឺបច្ចេកវិទ្យា​ 5G »នោះឡើយ។
អាមេរិក បានដាក់ក្រុមហ៊ុនហួវៃ ក្នុងបញ្ជីខ្មៅ​ ដោយអាមេរិកបារម្ភថាក្រុមហ៊ុនចិន​គំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ។ កាលពីដើមខែសីហា ក្រសួងពាណិជ្ជកម្មអាមេរិក​បានរឹតបន្តឹងថែមទៀតដល់ក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ និងរារាំងបណ្តាក្រុមហ៊ុនចិន ចូលកៀកជាមួយបច្ចេកវិទ្យាអាមេរិក​៕ដោយ៖ធី រីណា


ចែករំលែក៖