ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះកំណាចវាយប្រហារចូលដីគោករដ្ឋLouisiana ប្រធានាធិបតីត្រាំប្រកាសអាសន្ន

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអាសន្នជាបន្ទាន់នៅក្នុងរដ្ឋ Louisiana ​ជាទីកន្លែងដែលនឹងត្រូវរងការវាយប្រហារដោយព្យុះកំណាចពីរផ្សេងគ្នាគឺ ព្យុះម៉ាកូ(Marco) និងព្យុះត្រូពិក ឡូរ៉ា(Laura​) ។
កន្លងមកព្យុះ ខាងលើបានបង្កឱ្យមានការបាក់ដីនៅការ៉ាប៊ីន និងឈូងសមុទ្រ ម៉ិកស៊ិក កាលពីថ្ងៃទី ២៣ ខែសីហា បានបង្ខំឱ្យពលរដ្ឋរស់នៅតាមឆ្នេរសមុទ្ររាប់ពាន់នាក់នៅរដ្ឋ Louisiana សហរដ្ឋអាមេរិក និងគុយបា ត្រូវជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។ ជាមួយគ្នានេះដែរ ព្យុះបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងជាទ្រង់ទ្រាយធំជន់លិចផ្លូវជាច្រើនក្នុងរដ្ឋធានីនៃប្រទេស ហៃទី។
ព្យុះកំណាច​Marco នឹងចូលដល់ដីគោករដ្ឋ​Louisiana នាថ្ងៃទី​២៤ខែសីហា។ ចំណែកព្យុះ​ត្រូពិក Laura ក៏នឹងបង្កើនកម្លាំងពេលចូលដល់ដីគោក​អាមេរិក នាពាក់កណ្តាលសប្តាហ៍​។ ព្យុះកំណាច ឡូរ៉ា (Laura) និងម៉ាកូ (Marco) នឹងបោកបក់លើរដ្ឋ Louisiana ក្រោយពីវាបានបង្កវិនាសកម្មនៅកោះភើតូរីកូ (Puerto Rico) ។
សម្រាប់រដ្ឋ Louisia របស់សហរដ្ឋអាមេរិក ដែលស្ថិតនៅចំមុខព្រួញនៃព្យុះកំណាចទាំងពីរខាងលើនេះ នឹងត្រូវព្យុះបោកបក់ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះហើយ (ពេលវេលានៅអាមេរិក) ខណៈមានការព្យាករថា ការខូចខាតទ្រង់ទ្រាយធំនឹងអាចកើតមាន ហេតុដូច្នេះទើបជំនួយសង្គ្រោះបន្ទាន់ត្រូវបានអនុម័ត ដើម្បីឲ្យក្រុមសង្គ្រោះ អាចចាត់វិធានការទប់ស្កាត់ជាមុន ឲ្យបានទាន់ពេលវេលា។
ចំណែកនៅប្រទេសហៃទីវិញ ព្យុះកំណាច Laura បានបោកបក់កាលពីចុងសប្តាហ៍មុននេះ ដោយបានផ្តាច់ជីវិតមនុស្ស៥នាក់ ខណៈនៅសាធារណរដ្ឋដូមីនិកវិញ ព្យុះនេះបានផ្តាច់ជីវិតមនុស្ស ៣នាក់ និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើនទៀត៕ដោយ៖ធី រីណា


ចែករំលែក៖