ភ្នំពេញ៖ទីបំផុត តារាសម្តែង និងពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញរូបរាងបែបសិចស៊ីស្តើងស្រឡូនរបស់នាងហើយ ដែលជារូបភាពដ៏កម្រមួយក្រោយពីនាងចូលប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ។ រូបភាពទាំងនេះទទួលបានការសាទរច្រើនអមដោយការនឹកឆ្ងល់អំពីការបញ្ចេញរូបថតមួយចំនួននេះ។
បើនិយាយពីសម្រស់វិញ ហ៊ុន ច័ន្ទនីរ័ត្ននៅតែរក្សាបាននូវសម្រស់ស្រស់សោភា ស្របពេលដែលទីផ្សារការងាររបស់នាងនៅតែហក់ឡើងមិនចាញ់តារាជំនាន់ក្រោយឡើយ។ កន្លងមកតារាស្រីរូបនេះនិយមស្លៀកសម្លៀកបំពាក់ជិតៗ ស្រគត់ស្រគុំ អមដោយសម្តីផ្អែមស្រទន់ដែលធ្វើឲ្យបុរសជាច្រើនលង់ស្រលាញ់ពីអត្តសញ្ញារបស់តារាស្រីរូបនេះ។ មានការភ្ញាក់ផ្អើលសម្រាប់ទស្សនិកជនក្រោយពីគេបានឃើញរូបថតសិចស៊ីក្នុងឈុតហែលទឹករបស់នាងលើកដំបូងត្រូវបានបង្ហាញលើបណ្តាញសង្គម Instagram ។ ឈុតប៊ីគីនីពណ៌ខ្មៅរំលេចដោយផ្កាឈូករ័ត្នគ្របដោយអាវសពីខាងក្រៅមិនសិចស៊ីខ្លាំងសម្រាប់តារាស្រីមួយចំនួនទេ ប៉ុន្តែសម្រាប់នាងគឺអាចធ្វើឲ្យបុរសជាច្រើនចំហរមាត់ប្រឹងសម្លឹងមិនដាក់ភ្នែកឡើយ។ នេះជារូបភាពនៃដំណើរកម្សាន្តរបស់នាងទៅកាន់ទឹកដីនៃខេត្តកំពត។ មានអ្នកគាំទ្រនាងជាច្រើនបានពោលសរសើរពីរូបរាងដ៏ស្រស់ស្អាតអមដោយភាសាភ្ញាក់ផ្អើលថាតារាស្រីរូបនេះក៏ចេះសិចស៊ីដែរ។
គួរបញ្ជាក់ដែរថា ក្រោយពីបញ្ចប់ការថតភាពយន្តខ្នាតធំរឿង”ធ្មប់”និងភាពយន្តភាគថ្មីរបស់ទូរទស្សន៍បាយ័នគឺរឿង”ទាសីបេះដូង”មក តារាស្រីរូបនេះនៅមិនទាន់ប្រឡូកលើការសម្តែងច្រើននោះទេ ខណៈនាងធ្លាប់ប្រកាសពីជំហរជ្រើសរើសយកភាពយន្តតិចបំផុតដើម្បីសម្តែងព្រោះតែមិនមានពេលវេលាគ្រប់គ្រាន់។ នាងនៅតែក្លាយជាតារាស្រីពេញនិយមសម្រាប់ការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួនទាំងផលិតផលថែរក្សាសម្រស់ និងសុខភាព៕ ដោយ៖វឌ្ឍនា