ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក ឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទទួលផែនព្រហ្មទណ្ឌ រួមសហការកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកណ្ដាល ឃាត់ខ្លួនជនសង្ស័យជាឃាតក ចាក់សម្លាប់គូទំនាស់យ៉ាងសាហាវព្រៃផ្សៃ ។
ករណីសមត្ថកិច្ចនគរបាលសហការឃាត់ខ្លួនជនសង្ស័យជាឃាតកខាងលើ ធ្វើឡើងនៅវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
លោក ឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យដៃដល់ជាឃាតកឈ្មោះ គក សំបូរ ហៅភ្លោះធំ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ជនសង្ស័យដៃដល់ជាឃាតក(គក សំបូរ ហៅភ្លោះធំ) បានបំពេញនីតិវិធីរួចប្រគល់ទទួល ជូនកម្លាំងយកដ្ឋានដើម្បីនាំយកទៅចាត់ការបន្ត ។
លោក ស្នងការរងរំលឹកបន្តបន្ថែមទៀតថា ករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)ខាងលើ បានកើតឡើងនៅវេលាម៉ោង៦ និង៥៥នាទី យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ស្ថិតនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ដែលបង្កឡើងដោយជនសង្ស័យ(គក សំបូរ ហៅភ្លោះធំ)ខាងលើនេះ បានប្រើប្រាស់កាំបិតចុងស្រួចជាអាវុធ ចាក់គូទំនាស់ឈ្មោះ លី ពិសី ហៅពីរ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប រស់នៅភូមិ.ឃុំកើតហេតុជាមួយជនសង្ស័យ ។ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់នៅពេលក្រុមគ្រួសារសាច់ញាតិព្យាយាមបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យជ័យជំនះ(ក្រុងតាខ្មៅ) ចំណែកជនសង្ស័យរត់គេចទៅសម្ងំដេកនៅផ្ទះសំណាក់ម្ដុំផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ រួចបន្តមកខេត្តពោធិ៍សាត់ ក៏ត្រូវឃាត់ខ្លួនតែម្តង ៕ ដោយ ៖ បុឹម ពិន