ក្លិបបាល់ទាត់នារីរបស់បារាំង Lyon បានឡើងទៅប៉ះក្រុមបាល់ទាត់នារីរបស់អាល្លឺម៉ង់ Wolfsburg វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ផ្នែកនារី ដែលក្លាយជាក្រុមឡើងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់នេះ៧លើកជាប់ៗគ្នា។
ក្រោយឈ្នះក្រុមខ្លាំងបារាំង Paris Saint Germain ក្នុងពហុកីឡដ្ឋាន Anoeta កាលពីរាត្រីថ្ងៃពុធ ក្នុងលទ្ធផល ១ទល់០ ក្រុម Lyon ផ្នែកនារីបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងជាក្រុមដែលត្រូវការពារតំណែងជើងឯកត្រូវតទល់ជាមួយក្រុម Wolfsburg ដែលបានយកឈ្នះក្រុមខ្លាំងនារី Barcelona កាលពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារកន្លងទៅ។
ឥឡូវនេះក្រុម Lyon ផ្នែកនារីនឹងត្រូវជួបជាមួយក្រុម Wolfsburg ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ។Wolsburg និង Lyon បានជួបគ្នា៣ដងក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ផ្នែកនារីដោយក្រុមបារាំងបានយកឈ្នះ២លើកក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៨ ។
ទោះយ៉ាងណាជ័យជម្នះសម្រាប់ក្រុម Wolfsburg កាលពីថ្ងៃអាទិត្យនឹងបំពេញនូវលទ្ធផលដ៏គួរឱ្យកត់សម្គាល់ ខណៈដែលពួកគេបានឈ្នះពានរង្វាន់ស្ត្រីក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga រួចទៅហើយនៅរដូវកាលនេះ។
សូមបញ្ជាក់ថា ក្រុមនារី Lyon រកបាន១គ្រាប់គឺជាការតែតបាល់បញ្ចូលទីនៅនាទីទី៦៧របស់កីឡាការិនី Wendie Renard ដែលជាការបញ្ជូនបាល់យ៉ាងឆ្ងាយពីកីឡាការិនី Renard ហើយនៅតង់ទី២ កីឡាការិនីMajri Amil របស់ក្រុម Paris Saint Germain ត្រូវអាជ្ញាកណ្តាលពិន័យ បន្ទាប់ពីមានកំហុសត្រូវបានបណ្តេញចេញ។ រីឯកីឡាការិនី Nikita Parris ក៏ត្រូវបានបណ្តេញចេញដែរមានកំហុសទៅលើកីឡាការិនីក្រុម Paris Saint Germain ដែលធ្វើឲ្យក្រុមទាំង២សល់តែ១០ទល់នឹង១០នាក់។ចំណែកក្រុមនារី Wolfsburg បានយកឈ្នះក្រុមនារី Barcelona ក្នុងលទ្ធផល១ទល់០ដែរកាលពីសប្តាហ៍មុន ដែលរកបានដោយកីឡាការិនី Fridolina Rolfo នៅនាទីទី៥៨ ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទទី៣១ ខែសីហា វេលាម៉ោង១រំលងអធ្រាត្រនៅក្នុងទឹកដីប្រទេសអាល្លឺម៉ង់។ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនេះក្រុមខ្លាំងនារីរបស់បារាំង Lyon មានភាគរយខ្ពស់ក្នុងការលើកពានលីគកំពូលអឺរ៉ុបផ្នែកនារីមួយនេះ ព្រោះក្រុមនេះធ្លាប់ឈ្នះជើងឯក Champions League ផ្នែកនារី៥សម័យកាលមកហើយ៕ដោយ៖ភារៈ