ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់ប្រភេទ បែបបទ និងនីតិវិធីនៃការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។ នេះបើយោងតាមអនុក្រឹត្យ ដែលអង្គភាព «នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ។
តាមបទប្បញ្ញត្តិទូទៅ អនុក្រឹត្យនេះ កំណត់អំពីការលើកលែង ប្រភេទ បែបបទ និងលក្ខខណ្ឌនៃការផ្តល់លិខិតអនុញ្ញាត អាជ្ញាបណ្ណ និងវិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងគោលបំណងដើម្បីគ្រប់គ្រងប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាមួយអន្តរជាតិ។
អាជ្ញាបណ្ណសម្រាប់ប្រតិបត្តិការផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវផ្តល់ឱ្យនីតិបុគ្គល និង សាខាក្រុមហ៊ុនបរទេសដែលនឹងធ្វើប្រតិបត្តិការនិងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដូចខាងក្រោម៖
ក, សេវាគេហទំព័រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ខ , សេវាថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
គ, សេវាទីផ្សារអនឡាញ។
ឃ, សេវាគេហទំព័រដេញថ្លៃអនឡាញ។
ង, សេវាស្រដៀងគ្នាផ្សេងទៀតដែលផ្តល់តាមរយៈកម្មវិធីកុំព្យូទ័រឬឧបករណ៍វៃឆ្លាតសម្រាប់ការជំរុញធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
លិខិតអនុញ្ញាតប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវផ្តល់ឱ្យរូបវន្តបុគ្គលឬសហគ្រាសឯកបុគ្គលដែលនឹងប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងរូបវន្តបុគ្គលឬសហគ្រាសឯកបុគ្គល ដែលប្រើប្រាស់បណ្តាញសង្គមឬប្រព័ន្ធអេឡិចត្រូនិកជាមធ្យោបាយក្នុងការផ្គត់ផ្គង់ឬទិញ-លក់ទំនិញ និង/ឬសេវា។ , ត្រូវបានលើកលែងការតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចំពោះរូបវន្ត បុគ្គល ឬសហគ្រាសឯកបុគ្គលដែលធ្វើសកម្មភាពឬប្រតិបត្តិការដូចខាងក្រោម៖
ក, ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញឬសេវារបស់ខ្លួន រួមបញ្ចូលទាំងការផ្សព្វផ្សាយលក់ទំនិញឬសេវាដែលមិនមែនជាសំណើបង្កើតកិច្ចសន្យា។
ខ, ការបម្រុងទុកសេវាដែលមិនមានការកក់ប្រាក់ ឬទូទាត់កម្រៃ ដោយអតិថិជនឬអ្នកប្រើប្រាស់ ។
គ, ការលក់ទំនិញ ឬសេវារបស់រូបវន្តបុគ្គលឬសហគ្រាសឯកបុគ្គល ដែលមានផលរបរនៅក្រោមកម្រិត ផលរបរជាអ្នកជាប់ពន្ធតូច។
ឃ,ការលក់ទំនិញ ឬសេវាដែលមានលក្ខណៈគ្រួសារ ឬតាមរដូវកាលប្រមូលផល។
ង, ការលក់ទំនិញ ឬសេវាដែលជាស្នាដៃសិល្បៈផ្ទាល់ខ្លួនសុទ្ធសាធ។
ច, ការបង្ហាត់បង្រៀនដោយឯកជនផ្ទាល់ខ្លួន។
ឆ,ការបង្ហាត់បង្រៀន ឬអប់រំអំពីសាសនារបស់រដ្ឋ។
ការបង្ហាត់បង្រៀនដោយសមាគមឬអង្គការមិនមែនរដ្ឋាភិបាល ដែលមិនរកប្រាក់ចំណេញដោយផ្ទាល់ឬប្រយោល និងសកម្មភាពឬប្រតិបត្តិការដោយស្ថាប័នរដ្ឋក្នុងការផ្តល់សេវាសាធារណៈ ក៏ត្រូវបានលើកលែងការតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតផងដែរ។
ក្នុងគោលបំណងស្រង់ទិន្នន័យ និងការពារអ្នកប្រើប្រាស់ បុគ្គលដែលត្រូវបានលើកលែងការតម្រូវឱ្យស្នើសុំ លិខិតអនុញ្ញាត ដូចបានកំណត់ក្នុងកថាខណ្ឌទី៣ខាងលើ ត្រូវជូនដំណឹងមកក្រសួងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។
អំពីព័ត៌មានសូមអាននូវខ្លឹមសារអនុក្រឹត្យដូចខាងក្រោម៖
ដោយ៖ សុខ ខេមរា