ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តជែងបុករថយន្តកុងតឺន័រ ប៉ើងធ្លាក់ចូលស្នាមភ្លោះគៀបតៃកុងរបួសធ្ងន់១នាក់

ចែករំលែក៖

    ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចអ្នកបើកបររថយន្តម៉ាក សាំយ៉ុង ១គ្រឿងបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅគ្រាដែលបើកបរក្នុងល្បឿនលឿនដូចហោះ បានជ្រុលបុករថយន្តកុងតឺន័រ រួចប៉ើងធ្លាក់ចូលស្នាមភ្លោះគៀបតៃកុងជាប់នាំគ្នាគាស់យកមនុស្សទម្រាំនឹងបាន ។

 ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទី ថ្ងៃអង្គារ ១៤កើតខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាចស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

  នគរបាលប៉ុស្ដិ៍រដ្ឋបាលក្បាលត្រាចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG 4571 គ្មានកៅអី បើកបរដោយឈ្មោះ មាស សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើដំណើរក្នុងទិសដៅពីកើតទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានបើកជែងគេឯងរេចង្កូត បុករថយន្តកុងតឺន័រម៉ាក ហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 7596  នៅគ្រាកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យរថយន្តបង្កម៉ាក(សាំយ៉ុង)ប៉ើងធ្លាក់ចូលស្នាមភ្លោះគៀបតៃកុងជាប់រងរបួសធ្ងន់ធ្ងរ។

 មន្ត្រីនគរបាលប៉ុស្តិ៍ដដែលបន្តទៀតថា ចំពោះតៃកុងរថយន្តកុងតឺន័រឈ្មោះ សុខ លី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ  បច្ចុប្បន្ន រស់នៅភូមិ.ឃុំ.ស្រុកបាធាយ ខេត្តកំពង់ចាម ពុំមានរងរបួសនោះទេ ។

 ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍បញ្ជាក់បន្ថែមទៀតថា ចំពោះជនរងរបួសបាន បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ភ្លាមៗ ដោយឡែកវត្ថុតាងរថយន្តទាំង ២គ្រឿង សមត្ថកិច្ចនគរបាលជំនាញ ចរាចរណ៍ផ្លូវគោកកំពុងមមាញឹកបន្តនីតិវិធី ៕ ដោយ៖បុឹម ពិន


ចែករំលែក៖