ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនឹងបញ្ជូនកូនប្រុសឧកញ៉ា ញឹក ផនទៅតុលាការនៅថ្ងៃនេះនិងបន្តស្វែងរកអ្នកជិះម៉ូតូមកសាកសួរឿងជម្លោះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នឹង​បញ្ជូន​ខ្លួន​កូនប្រុស​លោក​ឧកញ៉ាញឹក ផន ហៅតា​កៅ ទៅ​តុលាការខេត្ត​កំពង់ឆ្នាំង​ នៅ​ថ្ងៃទី​២ ខែកញ្ញា​នេះហើយ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងប្រាប់ឲ្យដឹងនាថ្ងៃនេះ ។ 

សមត្ថកិច្ចបានឲ្យដឹងទៀតថា បើទោះបីបុរសជាភាគីជិះរថយន្តត្រូវបានឃាត់ខ្លួនហើយក្តី តែសំណុំរឿងនេះមិនទាន់បញ្ចប់នៅឡើយនោះទេ។ កម្លាំងនគរបាលកំពុងបន្តនីតិវិធី ដោយតាមរកបុរសភាគីជិះម៉ូតូមកសួរនាំរឿងជម្លោះក៏ដូចជាការពិន័យលើរឿងបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ។

លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់

ឆ្នាំង បានប្រាប់ឲ្យដឹងថា  បន្ទាប់ពីបានឃាត់ខ្លួនលោក ញឹក ផល ជាកូនប្រុសលោកឧកញ៉ាញឹក ផន ជាគូជម្លោះក្នុងរឿងបើកបរនេះហើយនោះ បច្ចុប្បន្នកម្លាំងនគរបាលជំនាញរបស់លោកកំពុងបន្តសំណុំរឿងតាមនីតិវិធី។

លោកស្នងការឱ្យដឹងទៀតថា ក្រៅតែពីកំពុងបន្តនីតិវិធីលើលោកញឹក ផល ហើយនោះ កម្លាំងនគរបាលក៏កំពុងតាមរកលោកប្រាក់ សុបាន អាយុ៣០ឆ្នាំ ជាភាគីជិះម៉ូតូ និង ជាអ្នកថតរូបគូជម្លោះរបស់ខ្លួនបង្ហោះ មកសួរនាំលើដំណើររឿង។

បន្ថែមពីលើការសួរនាំលើជម្លោះនេះហើយ ក៏អាចនឹងពិនិត្យលើការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង។ ប្រសិនបើខុសតាមច្បាប់ចែង ពីការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងអាច នឹងឈានទៅពិន័យតាមច្បាប់ផងដែរ ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ មានជម្លោះពាក្យសម្តីព្រោះតែការបើកបរលើផ្លូវមួយរវាងអ្នកជិះរថយន្ត និងអ្នកជិះម៉ូតូ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមរយៈវីដេអូថតដោយបុរសអ្នកជិះម៉ូតូ ហើយបង្ហោះ និង ចែកចាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គមនោះ គេបាន

ឃើញបុរសភាគីអ្នកជិះរថយន្ត បាននិយាយគំរាមឱ្យបុរសជិះម៉ូតូបើកបរឱ្យបានត្រឹមត្រូវ ហើយថែមទាំងបានគំរាមបុកអ្នកជិះម៉ូតូផងដែរ។ មិនត្រឹមតែគំរាមបុក និង ប្រើសម្តីធ្ងន់ៗដាក់ទៅបុរសជិះម៉ូតូនោះទេ បុរសជាអ្នកជិះរថយន្តនេះថែមទាំងបានទាញយកកាំភ្លើង AK៤៧ ស្វ័យបត់ ចេញពីក្នុងរថយន្តមកកាន់សម្ញែងនិងគំរាមដាក់ភាគីជម្លោះថែមទៀតផង៕ដោយ៖ចន្ថា


ចែករំលែក៖