ខេត្តកំពង់ធំ៖ ដើម្បីបន្តអនុវត្តសកម្មភាពការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីផ្សព្វផ្សាយចំណេះដឹងស្តីអំពីវិធានការ ការពារ ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ជូនដល់យោធិន និងបានចែកម៉ាស, ទឹកអាកុល, ជែល សម្រាប់លាងសម្អាតដៃ និងបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណនៃទីបញ្ជាការ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈមដ៏ខ្លាំង និងជាកង្វល់រួមរបស់ពិភពលោក ដែលបច្ចុប្បន្នកំពុងតែមានការឆ្លងរីករាលដាលជាសកល គិតមកដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺជាង ២៥លាននាក់ ក្នុងនោះអ្នកស្លាប់ដោយសារជំងឺនេះបានហក់កើនដល់ជាង៨៦ ម៉ឺននាក់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរយោធិន និងក្រុមគ្រួសារ ត្រូវតែបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងកិច្ចការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
គួរបញ្ជាក់ថា នេះជាលើកទី៤ហើយដែល តំបន់ប្រតិបត្តិការសឹករងកំពង់ធំបានធ្វើការបែងចែក ម៉ាស ទឹកអាកុល និងជែល សម្រាប់លៀងសម្អាតដៃ ដល់កងកម្លាំងគ្រប់ការិយាល័យ និងស្ថាប័នចំណុះនៃទីបញ្ជាការ។ ក្រោយពិធីផ្សព្វផ្សាយ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានចាត់តាំងនាយទាហានផ្នែកសុខាភិបាល និងគិលានដ្ឋាន ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមការិយាល័យ និងទីតាំងសំខាន់ៗ ក្នុងបរិវេណទីបញ្ជាការ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ ៕
ដោយ៖ សិលា