ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃ ទី២ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ ក្រសួងផែនការ បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការជំរុញការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ ( CLV-DTA Website ) និងផ្សព្វផ្សាយ ( GDP) បឋមឆ្នាំ២០១៩របស់ខេត្តស្ទឹងត្រែង ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលបាននូវព័ត៌មានតាមមន្ទីរអង្គភាពនានាជុំវិញខេត្តចាំបាច់ដែលជាសក្តានុពលរបស់ខេត្ត និងជំរុញការខិតខំប្រឹងប្រែងរបស់វិស័យជំនាញទាំងអស់ឲ្យបន្តខិតខំអនុវត្តផែនការ សកម្មភាព ដើម្បីលើកកម្ពស់ចំណូលរបស់ខេត្ត សេដ្ឋកិច្ចគ្រួសារនិងរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំតូច សាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោកហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមដោយ គណៈប្រតិភូក្រសួងផែនការ ថ្នាក់ដឹកនាំ ក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរផែនការ និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។
មានប្រសាសន៍បើកកិច្ចប្រជុំ លោកម៉ុម សារឿន បានបញ្ជាក់ថា នេះជាការណ៍ពិតណាស់ការងាររៀបចំប្រមូលព័ត៌មាន និងចងក្រងសម្រាប់ការបង្ហោះសារចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ ដែលបានអនុវត្តកន្លងមកនេះ គឺនៅមានកម្រិតនៅឡើយ។ មានន័យថា មានសកម្មភាពការងារជាច្រើនដែលខេត្តបានអនុវត្តដើម្បីបម្រើ និងឆ្លើយតបលើវិស័យនេះ ប៉ុន្តែការផ្តល់ព័ត៌មាន និងការចងក្រងព័ត៌មានដើម្បីបញ្ចូនទៅក្រុមការងារក្រសួងផែនការ សម្រាប់ធ្វើការបង្ហោះនៅពុំទាន់អស់លទ្ធភាពនៅឡើយ ។ ក្នុងនោះផងដែរលោកអភិបាលខេត្តបានបន្ថែមថា ចំពោះមន្ទីរផែនការខេត្តបានខិតខំបំពេញការងារលើវិស័យនេះឲ្យមានវឌ្ឍនភាពជាបន្តបន្ទាប់ ដែលរួមទាំងការងារប្រមូល និងចងក្រងទិន្នន័យ ផ.ស.ស ប្រចាំឆ្នាំរបស់ខ្លួន និងការប្រមូលព័ត៌មាន ទិន្នន័យសម្រាប់បង្ហោះក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ជាដើម។
ក្នុងឱកាសនោះដែរលោកហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ បានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំនេះ និងកិច្ចប្រជុំកន្លងទៅ លោកសូមធ្វើការកោតសរសើរដល់លោកម៉ុម សារឿន អភិបាលខេត្ត ដែលបានដឹកនាំកិច្ចការប្រមូលព័ត៌មាន ទិន្នន័យនានាអំពីសក្តានុពលរបស់ខេត្ត តាមមន្ទីរអង្គភាព និងដើម្បីប្រមូលបាននូវទិន្នន័យ អំពី ( GDP ) របស់ខេត្តប្រចាំឆ្នាំ ។ ទិន្នន័យទាំងអស់នេះ ដែលជាកម្លាំងចលករ និងជាព័ត៌មានមួយសម្រាប់ជាការទាក់ទាញឲ្យអ្នកវិនិយោគមកធ្វើការវិនិយោគក្នុងខេត្តរបស់ខ្លួន និងបានបង្កើតការងារឲ្យបានដល់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ ក្រសួងផែនការ បានបន្តជំរុញដល់មន្ទីរអង្គភាពនានា ជាពិសេសមន្ទីរផែនការ ឲ្យបន្តកិច្ចការប្រមូលព័ត៌មាន ពីសក្តានុពលរបស់ខេត្តសម្រាប់ធ្វើការបង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ ( CLV-DTA Website ) និងផ្សព្វផ្សាយ ( GDP) បឋមឆ្នាំ២០១៩របស់ខេត្តស្ទឹងត្រែង៕
ដោយ៖មាស សុផាត