ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការរដ្ឋសភា ដឹកនាំប្រជុំជាមួយគណៈអភិបាលខេត្តស្វាយរៀង និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា នៅសាលាខេត្តស្វាយរៀង។

កិច្ចប្រជុំនាព្រឹកនេះ ប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពអប់រំក្នុងក្របខ័ណ្ឌខេត្ត និងសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋានផ្ទាល់លើការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធនឹងវិស័យអប់រំក្នុងបរិបទកូវីដ-១៩ ក៏ដូចជាការស្តាប់នូវបញ្ហាប្រឈមនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

គួររំលឹកដែរថា កាលពីខែសីហា ឆ្នាំ២០១៩ ប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា បានជួបប្រជុំជាមួយគណៈអភិបាលខេត្ត និងប្រធានមន្ទីរទាំងបួនក្នុងបន្ទុក ដើម្បីស្វែងយល់ពីស្ថានភាពនៃការអភិវឌ្ឍជារួមក្នុងខេត្ត និងពិនិត្យតាមដាននូវការអនុវត្តកម្មវិធីនយោបាយ និងការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ដោយឡែក កិច្ចប្រជុំព្រឹកនេះ គឺជាការចុះបេសកកម្មលើកទី២ របស់គណៈកម្មការទី៧ មកកាន់ខេត្តស្វាយរៀង​ ដើម្បីតាមដាន និងធ្វើបច្ចុប្បន្នភាពស្ថានភាពវិស័យអប់រំក្នុងក្របខ័ណ្ឌខេត្ត ក្នុងដំណាក់កាលកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖