ខេត្តព្រៃវែង ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី បានអញ្ជើញប្រារព្ធពិធីនមស្សកា សមាទានសីល ស្វាធ្យាយព្រះសត្តប្បករណភិធម្មរាប់បាត្រប្រគេនព្រះសង្ឃនិមន្តមកពីរាជធានីភ្នំពេញ និងខេត្តព្រៃវែង ចំនួន១៥អង្គ បង្សុកូលដាឆ្លង វេរទេយ្យទាន និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិសកុសលផលបុណ្យ ដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ជាពិសេសដល់ដួងវិញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកស្រី ញ៉ែម សឿន ជា ស៊ីម ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខទៅហើយនោះ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យកាន់បិណ្ឌវេនទី១នេះ ប្រព្រឹត្តទៅនៅប្រាងចេតិ៍យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីបុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងសាច់សាលោហិតជិតឆ្ងាយ រួមជាមួយនឹងលោក លោកស្រី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើឡើងជារាងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយចែកចេញជាពីរថ្នាក់ ក្នុងនោះចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ និងថ្ងៃ១៥រោច គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌតែម្តង។
ពិធីបុណ្យភ្ជុំបិណ្ឌនេះមានគោលបំណងដើម្បីឧទ្ទិសកុសលថ្វាយ-ប្រគេន-ជូនទៅបុព្វការីជន មានអតីតព្រះមហាក្សត្រ មហាក្សត្រីយានី ព្រះគ្រូឧបជ្ឍាយាចារ្យ ជីដូន ជីតា មាតាបិតា ដែលទ្រង់បានសោយព្រះទីវង្គត អនិច្ចធម្ម និងធ្វើមរណកាលទៅហើយផង ដល់ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិជាដើមផង និងដើម្បីឱ្យកូនខ្មែរយើងបានបំពេញនូវអំពើល្អ (បុណ្យកុសល)៕
ដោយ៖ សិលា