ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកណ្ដាលប្រារព្ធពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា

ចែករំលែក៖

ខេត្កណ្ដាល៖ នៅថ្ងៃពុធទី២ ខែកញ្ញា ឆ្នាំ២០២០ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោកស្រីជាភរិយា រួមជាមួយលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកស្រីជាភរិយា ព្រមទាំងលោក លោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត កាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា ស្ថិតនៅក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋបាលខេត្តកណ្ដាល បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទម្លាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ និងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញាតិ និងសាច់សាលោហិតទាំង៧សន្ដានដែលធ្លាប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ និងអ្នកដែលនៅរស់។ ពិធីបុណ្យកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាឱកាសឱ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងៗគ្នាមកជួបជុំគ្នាបង្កើនឱ្យមានសាមគ្គីភាពគ្នា និងបណ្ដុះស្មារតីឱ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។

 

ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសទៅជួបជុំឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរមកហើយ។

ឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរ បានបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រេតអសុរកាយ។ ប្រជាពលរដ្ឋ មានជំនឿថា អ្នកមានគុណ បុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ដែលបានសាងបាបកាលពីនៅមានជីវិតរស់ ហើយពេលចែកឋានទៅ មិនដឹងថាទៅចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ។

ក្នុងឱកាសនោះថ្នាក់ដឹកនាំខេត្តកណ្តាលដែលជាពុទ្ធបរស័ទបានប្រគេនទេយ្យវត្ថុ សម្ភារបរិក្ខារ រួមមានអង្ករ១០បាវ ទឹកសុទ្ធ១០កេស ទឹកក្រូច១០កេស និងមី១០កេស ដែលកើតឡើងដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងវេនទី១ និងមន្ត្រីរាជការក្នុងខេត្តកណ្តាល៕

ដោយ៖ សិលា


ចែករំលែក៖