ភ្នំពេញ៖ លោក ផេង ឆេងលី ប្រធានការិយាល័យដោះស្រាយវិវាទការងារខេត្តសៀមរាប បានស្នើឲ្យក្រុមកម្មករ និងក្រុមហ៊ុនភូមិវប្បធម៌ចរចាគ្នា ជៀសវាងបង្កការរំខានដល់អ្នកដទៃនិងប៉ះពាល់កិត្តិយសរៀងខ្លួន។ ការលើកឡើងបែបនេះ ដោយសារលោកឃើញភាគីទាំងពីរគ្មានដំណោះស្រាយសមស្របណាមួយ រួមទាំងបង្កសំឡេងរំខានដល់ភ្ញៀវទេសចរ។
ជុំវិញកម្មករក្រុមហ៊ុនភូមិវប្បធម៌ ដែលរងផលប៉ះពាល់ដោយសារការកាត់ប្រាក់ឈ្នួល បាននាំគ្នាតវ៉ា រួមទាំងប្រើឧបករណ៍កងរំពងរំខាន ដល់ក្រុមហ៊ុន និងភ្ញៀវទេសចរនៅតំបន់នោះ តាមរយៈការចាក់សំឡេងហែសព កាលពីថ្ងៃទី២ កញ្ញា។
លោក លឹម សុផាប្រធានសហជីពរបស់កម្មករក្រុមហ៊ុនភូមិវប្បធម៌ បានឆ្លើយតបប្រាប់សារព័ត៌មានក្នុងស្រុកថា ៖ ការចាក់សំឡេងហែសពនេះ គឺចង់បង្ហាញពីភាពមិនសប្បាយចិត្តនូវការបាត់បង់សិទ្ធិសេរីភាពនិងអត្ថប្រយោជន៍របស់ខ្លួន។ ជាមួយគ្នាដែរ លោក អះអាងថា ភាគីក្រុមហ៊ុនក៏បានយកឧបករណ៍បន្លឺសំឡេងបើកចម្រៀងខ្លាំងៗប្រណាំងប្រជែងជាមួយក្រុមលោកវិញដែរ។
ដោយឡែកមានភាគីបុគ្គលិកដែលកំពុងបម្រើការងារនៅភូមិវប្បធម៌សុំមិនបញ្ចេញឈ្មោះ អះអាងប្រាប់សារព័ត៌មានក្នុងស្រុកផងដែរ កាលពីម្សិលមុិញ ពីសកម្មភាពទាមទារនិងបង្កសំឡេង តាមរយៈការចាក់ភ្លេងហែសពនេះ គឺធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ក្រុមហ៊ុនភូមិវប្បធម៌។
លោកលើឡើងទៀតថា៖ «កន្លងមកក្រុមហ៊ុនមិនដែលបញ្ឈប់បុគ្គលិកឡើយនៅអំឡុងពេលកូវីដ-១៩នេះ គឺគ្រាន់តែកាត់ប្រាក់ឈ្នួល២០ភាគរយនិងថ្លៃអាហារប្រចាំថ្ងៃប៉ុណ្ណោះ។ ការកាត់ប្រាក់នេះ ក្រុមហ៊ុនក៏បានបន្ថយម៉ោងធ្វើការ១ម៉ោងកន្លះដែរ ហើយកាត់ប្រាក់ខែតែអ្នកទទួលបានប្រាក់ខែ២០០ដុល្លារឡើងប៉ុណ្ណោះ។ ក្នុងដំណាក់កាលរងវិបត្តិកូវីដ-១៩នេះ ក្រុមអ្នកទាមទារគួរយល់ដល់ក្រុមហ៊ុនផង»។
លោកបន្តថា៖ ភាគីក្រុមហ៊ុនក៏បានចេញលិខិតឲ្យបុគ្គលិកដែលតវ៉ាចូលបំពេញការងារវិញ ប៉ុន្តែក្រុមអ្នកទាមទារមិនព្រម។ បើតាមបុគ្គលិកកំពុងធ្វើការនៅក្រុមហ៊ុនភូមិវប្បធម៌រូបនេះ បានបញ្ជាក់ថា ក្រុមហ៊ុនបានកំណត់ថ្ងៃចរចាហើយ គឺថ្ងៃទី៩ ខែកញ្ញាខាងមុខ។
ប្រធានការិយាល័យដោះស្រាយវិវាទការងារខេត្តសៀមរាបលោក ផេង ឆេងលី ពាក់ព័ន្ធនឹងវិវាទនេះ លោកបានបញ្ជាក់ថា ៖កន្លងមកក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងអាជ្ញាធរខេត្តសៀមរាប បានចុះសម្របសម្រួលហើយ តែភាគីទាំងពីរនៅតែមិនត្រូវរ៉ូវគ្នា ទើបបណ្ដាលឲ្យរឿងនេះនៅអូសបន្លាយ។ លោកថា៖ ការដាក់សំឡេងប្រណាំងប្រជែងគ្នានេះ បើភាគីទាំងពីរមិនបានសុំច្បាប់អនុញ្ញាតគឺខុសទាំងសងខាង។ ភាគីទាំងពីរគួរចូលចរចាគ្នាតាមសន្តិវិធី មិនគួរបណ្ដោយឲ្យមានសកម្មភាពទាមទារមិនចប់មិនហើយឡើយ ការមិនព្រមជជែកសម្រួលគ្នាវាមានតែធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរៀងខ្លួននិងបង្កការរំខានដល់អ្នកដទៃ»។
សូមបញ្ជាក់ថា៖ ក្រោយការព្រមានណែនាំពីអាជ្ញាធរនេះ ក្រុមកម្មករដែលបន្តនាំគ្នាតវ៉ា លែងធ្វើសកម្មភាពចាក់សំឡេងរំខានគ្នាទៀតហើយ ខណៈភាគីក្រុមហ៊ុនបន្តធ្វើការងារធម្មតា នៅថ្ងៃទី៣ កញ្ញានេះ៕
ដោយ៖ សហការី