ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងតូចៗពីរនាក់លង់ទឹករណ្តៅដី​នៅ​ស្រុកត្បូងឃ្មុំ​ ស្លាប់មួយនាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ អ្នកភូមិនាំគ្នាផ្អេីលឆោឡោ​នៅ​ពេលទទួលដំណឹងថា​ មានក្មេងតូចៗពីរ​នាក់លង់ទឹកក្នុងរណ្តៅដីមួយកន្លែង​នៅ​ ចំណុច​ខាងត្បូងភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ប្រភព​ព័ត៌មាន​បានឱ្យដឹងថា​ ពួកគាត់នាំគ្នារាវរកឃើញ តែអនិច្ចាក្មេងស្រីរងគ្រោះម្នាក់​ក្នុងចំណោមពីរនាក់បានស្លាប់បាត់បង់ជីវិតទៅហើយ​ ខណៈដែលក្មេងៗនាំគ្នា​មកលេងទឹករណ្ដៅដី(ទឹកស្រះ) មួយកន្លែងស្ថិតនៅចំណុចខាងលេី​ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៤ និង៣០នាទី។

សពក្មេងស្រីរងគ្រោះឈ្មោះ​ យឿន បញ្ញា អាយុ១១ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិទំនប់សែនជ័យ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយពីបានទទួលបានព័ត៌មាននេះ​កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគរ ដោយមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពគរ និងអាជ្ញាធរមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងពិនិត្យ​សព ហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ព្រោះមូលហេតុ លង់ទឹកប្រាកដមែន ។ បន្ទាប់ពីពិនិត្យចប់រួចរាល់ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕​ ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖