ព័ត៌មានទាន់ហេតុការណ៍៖

អេស្ប៉ាញបំបាក់អ៊ុយក្រែន៤ទល់០ ក្នុងពានរង្វាន់ National League

ចែករំលែក៖

ក្រុមជម្រើសជាតិអេស្ប៉ាញបានយកឈ្នះក្រុមជម្រើសជាតិអ៊ុយក្រែនក្នុងលទ្ធផល៤ទល់០ ក្នុងកម្មវិធីពានរង្វាន់ UEFA National League កាលពីរាត្រីថ្ងៃទី៦ កញ្ញា ម្សិលមិញ។ នេះបើយោងតាមលទ្ធផលដែលចេញផ្សាយដោយ BBC Sport នៅព្រឹកថ្ងៃចន្ទនេះ។

ចាប់ផ្តើមប្រកួតដើមតង់ទី១ កីឡាករក្រុមអ៊ុយក្រែនបានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រ ដែលជាការស៊ុតប៉េណាល់ទីដោយកីឡាករ Sergio Ramos ដែលជាប្រធានក្រុមនៅនាទីទី៣ ហើយនៅនាទីទី២៩ កីឡាកររូបនេះរកបាន១គ្រាប់បន្ថែមទៀតដោយការតែតបញ្ជូលទីធ្វើឲ្យក្រុមអេស្ប៉ាញនាំមុខ២ទល់០។

ចូលដល់នាទីទី៣២ កីឡាករ Ansu Fati របស់ក្រុមជម្រើសជាតិអេស្ប៉ាញរកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតតង់ទី១ អេស្ប៉ាញនាំមុខក្រុមអ៊ុយក្រែនក្នុងលទ្ធផល៣ទល់០។ ចូលដល់តង់ទី២ ក្រុមអេស្ប៉ាញនៅតែវាយសម្រុកទៅលើក្រុមអ៊ុយក្រែន ដោយការគ្រប់គ្រងបាល់បានច្រើន ហើយនៅនាទីទី៨៣ ជិតចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធជួរមុខ Ferran Torres មានឱកាសរកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតអេស្ប៉ាញឈ្នះអ៊ុយក្រែន៤ទល់០។

លទ្ធផលនេះធ្វើឲ្យក្រុមអេស្ប៉ាញ២ប្រកួតក្នុងកម្មវិធី National League មិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេ ដោយប្រកួតលើកទី១ស្មើជាមួយក្រុមខ្លាំងអាល្លឺម៉ង់១ទល់១ និងលើកទី២នេះឈ្នះអ៊ុយក្រែន៤ទល់០។ កម្មវិធីប្រកួតបន្ទាប់ ក្នុងពានរង្វាន់ខាងលើនេះ អេស្ប៉ាញនឹងទទួលស្វាគមន៍ក្រុមខ្លាំងស្វ៊ីសនៅថ្ងៃទី១១ ខែតុលាខាងមុខដើម្បីប្រកួតវគ្គជម្រុះបន្តទៀត ៕ដោយ៖ភារៈ


ចែករំលែក៖