ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចធ្វើការឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់ ដែលច្បាប់មិនអនុញ្ញាត ត្រូវបានឃាត់ខ្លួនម្ចាស់សង្វៀនទៅតុលាការ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តស្ទឹងត្រែងបានចុះបង្ក្រាបទីតាំងបើកសង្វៀនបញ្ជល់មាន់ដែលច្បាប់មិនអនុញ្ញាតមួយកន្លែង និងឃាត់ខ្លួនម្ចាស់សង្វៀនបញ្ជល់មាន់ម្នាក់ នាំមកស្នងការដ្ឋាននគបាលខេត្ត ចាត់ការតាមនីតិវិធី ដែលស្ថិតនៅចំណុចភូមិសាស្ត្រអូរចំបក់ ភូមិឆ្វាំង ឃុំសំអាងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។

លោក ហោ វុទ្ធី នាយការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្ត បានឪ្យដឹងថា លោកបានដឹកនាំកម្លាំងចុះបង្ក្រាប ដោយមានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាននិងអាជ្ញាធរដែនដី។
នៅក្នុងការចុះបង្ក្រាបនោះសមត្ថកិច្ចឃាត់ខ្លួនបានម្ចាស់បើកទីតាំងសង្វៀនបញ្ជល់មាន់ម្នាក់ ឈ្មោះ លាង ហេង ភេទប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បច្ចុប្បន្នមករស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ជាម្ចាស់សង្វៀនបញ្ជល់មាន់។

សមត្ថកិច្ចបានដកហូតសម្ភារមួយចំនួនរួមមាន ដូចជាស៊ុមក្រុងមាន់ចំនួន២០ស៊ុម ស្កុតរុំជើងមាន់ចំនួន១៥ដុំ ទូរលក់ភេសជ្ជៈចំនួន១ តង់សម្រាប់ប្រក់ដំបូលពីរ និងសង្ក័សីព័ទ្ធសង្វៀន១ រួមនិងសម្ភារមិនអាចប្រើការបានប្រមូលដុតកម្ទិចចោល។
ម្ចាស់សង្វៀនបញ្ជល់មាន់ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការខេត្តចាត់ការតាមនីតិវិធី៕

ដោយ៖ មាស សុផាត


ចែករំលែក៖