ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី៤១ អន្តរសភាអាស៊ាន(AIPA) ដែលរដ្ឋសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ ពីវិមានរដ្ឋសភា។

បន្ទាប់ពីបើកជាផ្លូវការ សម្តេចអគ្គមហាពញាចក្រី នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតនោះ ជាមួយថ្នាក់ដឹកនាំសភាដែលជាសមាជិកAIPA។

មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើក្រោមមូលបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតប”។ នេះជាលើកទី១ ហើយក្នុងប្រវត្តិសាស្រ្ត AIPA ដែលការរៀបចំមហាសន្នបាតធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតជំងឺកូវីដ១៩។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមានប្រទេសជាសមាជិក ដូចជា ប្រ៊ុយណេ ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

ទូរទស្សន៍ជាតិកម្ពុជា និងទំព័រ Facebook ផ្ទាល់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងធ្វើការ Live ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាននាព្រឹកស្អែកនេះ ផងដែរ៕

ដោយ ៖ សសម


ចែករំលែក៖