ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មោះ ម៉ាត់ យូសុះ ហៅ ជួប ថាន់ ដែលអះអាងថា ជាអង្គរក្សសម្តេចតេជោ ត្រូវបានចាប់ខ្លួនហើយ ពាក់ព័ន្ធការប្រើអំពើហិង្សានិងដកកាំភ្លើងគំរាមកំហែងប្រជាពលរដ្ឋ

ចែករំលែក៖

ត្បូងឃ្មុំ៖លោកស័ក្តិ៥ ម៉ាត់ យូសុះ ហៅ ជួប ថាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដើម្បីសាកសួរករណីប្រើអំពើហិង្សានិងដកកាំភ្លើងគំរាមកំហែងប្រជាពលរដ្ឋ ។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ដែលទើបទទួលបាន ។

ប្រភពព័ត៌មាន ដដែលបន្តថា ព័ត៌មានដ៏កក្រើកមួយនេះ ត្រូវបាននាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស បានជ្រាបរួចហើយ ដែរ ។ 

ទោះបីយ៉ាងណា នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះ អ្នកសារព័ត៌មាន បានទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដើម្បីសុំការបញ្ជាក់បន្ថែម តែគ្រាន់តែឮអ្នកសារព័ត៌មាន ភ្លាម លោកឆ្លើយយ៉ាងប្រញាប់ ថា «កំពុងជាប់ប្រជុំ» រួចក៏បិទទូរស័ព្ទ តែម្តង ។ 

សូមបញ្ជាក់ថា គណនីហ្វេសប៊ុកមួយឈ្មោះ «Saret Mouslem» បានបង្ហោះកាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ថា «សូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ជួយកូនចៅផង ។ នៅម៉ោង៦ល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ អង្គរក្សសម្តេច ស័ក្តិ៥ ឈ្មោះ ម៉ាត់ យូសុះ ហៅ ជួប ថាន់ បានយកកាំភ្លើងនិងដំបង ប្រុងធ្វើឃាតខ្ញុំពីរនាក់ប្តីប្រពន្ធ នៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ត្បូងឃ្មុំ ធ្វើអោយប្រពន្ធខ្ញុំមានរបួស»។

មជ្ឈដ្ឋានជាច្រើន មើលឃើញថា អង្គរក្សសម្តេចតេជោ គឺ ប្រកាន់ភ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្លូរ និង តម្លៃ ថ្នាក់ដឹកនាំបំផុត មិនមែនចេះតែដើរបំផ្លាញកេរ្តិ៍ឈ្មោះបែបនេះទេ ៕ ដោយ៖ចេស្តា


ចែករំលែក៖