ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋាភិបាលកម្ពុជានៅតែផ្ដល់ការលើកទឹកចិត្ដបងប្អូនអតីតយុទ្ធជនកម្ពុជា ទោះបីបងប្អូនបាត់បង់សមត្ថភាព យ៉ាងណាក៏ដោយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានៅតែផ្ដល់ការលើកទឹកចិត្ដដល់បងប្អូនអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស ទោះបីបងប្អូនបាត់បង់សមត្ថភាពយ៉ាងណាក៏ដោយគឺ រាជរដ្ឋាភិបាលនៅតែបន្ដជួយជ្រោមជ្រែងផ្នែកជីវភាពគ្រួសារជានិច្ច ។លោកស្រី
ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ នៅក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាចំនួន៤០០គ្រួសារ រស់នៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង នាព្រឹកថ្ងៃទីចន្ទ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ។
ក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រីក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទេ្វតែងតែគិតគូរដល់សុខទុក្ខ អតីតយុទ្ធជននៅទូទាំងប្រទេស ដែលបានចូលរួមចំណែករំដោះថែរក្សា ការពារប្រជាជនកម្ពុជាកន្លងមក ។
លោកស្រីបានបន្ដថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ពីដំណាក់កាលដ៏សែនស្មុគស្មាញរហូតទួលបាននូវសុខសន្តិភាព និងសម្រេចបានសមិទ្ធផលធំៗជាប្រវតិ្ដសាស្រ្ដប្រកបដោយជោគជ័យ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជោគជ័យទាំងអស់នេះ ក៏មិនអាចកាត់ផ្ដាច់បានពីគុណបំណាច់និងស្នាដៃ នៃការចូលរួមចំណែករបស់បងប្អូនអតីតយុទ្ធជនដែលមានវត្ដមាននៅទីនេះដែរ ។ ដោយឡែកសម្រាប់ខេត្តស្វាយរៀងគឺប្រែក្លាយពីតំបន់សមរភូមិក្តៅ និងតំបន់ខ្លះនៅអសន្តិសុខ មកជាខេត្តមួយដែលពោរពេញទៅដោយសក្តាពុនពលវិនិយោគ ដែលរួមមាន ៖ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាសតូចធំ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង មន្ទីរពេទ្យ វត្តអារាម សាលារៀន ជាដើម ។ ទន្ទឹមនោះផងដែរ សម្តេចតេជោបានយកចិត្ដទុកដាក់ និងគិតគូរអំពីរបបសន្ដិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជន គិតគូរពីការបាត់បង់សមត្ថភាពការងារ និងពិការភាព និងការគិតគូរអំពីប្រសិទ្ធភាព នៃនីតិវិធីផ្ដល់ប្រាក់របបឧបត្ថម្ភផ្សេងៗឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព សំដៅលើកកម្ពស់ជីវភាពបងប្អូនអតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរឡើង និងការគិតគូរនិងឧបត្ថម្ភដល់ប្រជពលរដ្ឋក្រីក្រដែលរងផលប៉ះពល់ដោយសារជំងឺកូវីដ-១៩ ។ លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ, ត្រូវចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាគម្លាតសង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ខណៈពិភពលោកកំពុងប្រឈមមុខនឹងការរាតត្បាតយ៉ាងខ្លាំង។ អំណោយដែលបានចែកជូននៅពេលនោះរួមមាន អង្គរ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ អាវយឺត២ អំបិល១គីឡូក្រាម អាវនិងមួកគណបក្សម្នាក់ ១ និងថវិកាមួយចំនួន។ ក្នុងឱកាស នេះដែរលោកស្រីឧបនាយករដ្ឋមន្ត្រីក៏បានធ្វើការកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្នាក់ការគណបក្សប្រជាជនកម្ពុជាភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀងផងដែរ ៕ ដោយ៖ សំរិត


ចែករំលែក៖