តាមលទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញថា មានពលរដ្ឋអាមេរិកតែ១/៥យល់ព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ កាន់តែឆាប់កាន់តែល្អ។ ចំណែកពលរដ្ឋផ្សេងទៀតមិនទាន់ចង់ចាក់វ៉ាក់សាំងភ្លាមៗនោះឡើយគឺត្រូវរង់ចាំរហូតដល់ការធ្វើតេស្តចប់សព្វគ្រប់។
តាមលទ្ធផលស្ទង់មតីរបស់ YouGov បានប្រកាសកាលពីថ្ងៃទី៦ខែកញ្ញាថា ប្រសិនបើវ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានដាក់ឲ្យប្រើប្រាស់នៅអាមេរិកនោះ មានពលរដ្ឋភាគច្រើនមិនទាន់ហ៊ានប្រើប្រាស់នៅឡើយ ដោយរង់ចំាមើលអ្នកដែលប្រើសាកល្បងវ៉ាក់សាំងមុនតើមានអ្វីប្រែប្រួល។
តាមការស្ទង់មតិ មានពលរដ្ឋតែ ២១ភាគរយប៉ុណ្ណោះដែលយល់ព្រមចាក់វ៉ាក់សាំងភ្លាម ពេលដាក់ឲ្យប្រើប្រាស់ គឺទាបជាងការស្ទង់មតិកាលពីខែកក្កដា ដែលមានពលរដ្ឋដល់ទៅ៣២ភាគរយព្រមចាក់វ៉ាក់សាំង ។
ពលរដ្ឋអាមេរិកជាង៦០ភាគរយ យល់ឃើញថា ការប្រើប្រាស់វ៉ាក់សាំងនៅឆ្នាំនេះគឺលឿនពេក ណាស់ ខណៈប្រសិទ្ធភាពនិងសុវត្ថិភាពមិនទាន់ច្បាស់១០០ភាគរយនៅឡើយ។ ចំណែកពលរដ្ឋដែលគាំទ្រគណបក្សសាធារណរដ្ឋដល់ទៅ៥២ភាគរយនោះលើកឡើងថា ការប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅឆ្នាំនេះគឺលឿនពេក។ ចំណែកអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យដល់ទៅ ៧០ភាគរយយល់ឃើញថា ការប្រើប្រាស់វ៉ាក់សាំងឆ្នាំនេះគឺលឿនពេក។
កន្លងមកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា នឹងមានវ៉ាក់សាំងប្រើប្រាស់នៅចុងខែតុលាឬដើមខែវិច្ឆិកា គឺមុនពេល បោះឆ្នោតប្រធានាធិបតី ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា លោកត្រាំចង់ប្រើប្រាស់វ៉ាក់សាំងដើម្បីទាក់ទាញពលរដ្ឋបោះឆ្នោតគាំទ្រលោក ដឹកនាំអាមេរិក ថែមមួយអាណត្តិទៀត៕
ដោយ៖ធី រីណា