ព័ត៌មានទាន់ហេតុការណ៍៖

ស្មានមិនដល់មុខរបរផលិតពពុះសណ្តែកអាចរកប្រាក់ចំណូលជាង៨លានរៀលក្នុងមួយថ្ងៃ

ចែករំលែក៖

ខេត្តកណ្តាល÷ ពពុះសណ្តែកគឺជាអាហារមួយបែបដែលត្រូវគេយកទៅចម្អិនធ្វើជាម្ហូបបានជាច្រើនមុខ ដូចជា សម្លចាប់ឆាយ ឆាមីសួរ ខ្ចប់គួង និងដាក់ក្នុងស៊ុប មានឱជារសឆ្ងាញ់ណាស់ ។
ដោយសារវាជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបអាហារមួយបែបដែរនោះធ្វើឲ្យប្រជាពលរដ្ឋយើងមួយចំនួនចាប់យកមុខរបរធ្វើពពុះសណ្តែកនេះលក់បង្កើនជីវភាពក្នុងគ្រួសារបានមួយកម្រឹត។

ជាក់ស្តែងប្រជាពលរដ្ឋមួយគ្រួសារនៅខេត្តកណ្តាលប្រកបមុខរបរផលិតពពុះសណ្តែកឬ(ហុកគី)អាចរកប្រាក់ចំណូលបានជាង៨លានរៀលក្នុងមួយថ្ងៃ ដែលធ្វើឱ្យជីវភាពគ្រួសារនេះមានជីវភាពធូរធារល្អប្រសើរខ្លាំងណាស់។
តាមការរៀបរាប់ពីលោក ផុន វ៉ាន់ថន ជាពលរដ្ឋរស់នៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឱ្យដឹងថា ក្នុងមួយថ្ងៃគ្រួសារលោកអាចផ្គត់ផ្គង់ពពុះសណ្តែកប្រមាណជាង៥០០គីឡូក្រាមទៅកាន់ទីផ្សារនានា ដោយក្នុង១គីឡូក្រាម លក់បានតម្លៃចាប់ពី១៧០០០រៀល រហូតទៅ២០០០០រៀល ។ លោកថាអាចរកប្រាក់ចំណូលបានជាមធ្យមប្រមាណ៨លានរៀលក្នុងមួយថ្ងៃ។ពពុះសណ្តែកនេះ ផលិតពីសណ្តែកសៀង ដែលកសិករដាំក្នុងស្រុក។
លោកបានរៀបរាប់ពីការផលិតពពុះសណ្តែកថាដើម្បីបានពពុះសណ្តែកទៅលក់នៅលើទីផ្សារបាន ដំបូងត្រូវយកសណ្តែកសៀងទៅហាលថ្ងៃឱ្យស្ងួត រួចយកទៅត្រាំទឹកទុកយ៉ាងតិច៤ម៉ោង ទើបយកទៅកិន។ បន្ទាប់មក នៅពេលដែលសណ្តែកសៀងកិនរួច ត្រូវដាក់ចូលនៅក្នុងខ្ទះ ដើម្បីរំងាស់ដងយកតែពពុះសណ្តែក រួចវៀសវាជាផ្ទាំងយកទៅហាល រយៈពេល១ថ្ងៃទាល់តែស្ងួត ទើបអាចប្រមូលមកទុក យកទៅច្រក់វេចខ្ចប់ឱ្យបានត្រឹមត្រូវ និងបោះលក់នៅលើទីផ្សារបាន។
ចំពោះកាកសំណល់សល់ក្តាំងៗយើងអាចលក់ រីឯផេះក៏យើងលក់ ពពុះដែលគេចោល យើងយកទៅឱ្យត្រីស៊ីទៀត។ដូច្នេះវាបម្រើទីផ្សារឱ្យយើងគ្រប់តែម្ដងហើយ ខ្ញុំក៏សម្រេចចិត្តថាការងារនេះ ជាការងារប្រចាំត្រកូល តដល់កូនចៅរបស់ខ្ញុំ ព្រោះនេះវាជាការងាររកស៊ី ដែលខ្ញុំធ្លាប់ដើរហក់លោត ហើយឃើញថាមុខរបរហ្នឹងគឺវាការងារបន្ទាប់បន្សំ»ផងដែរ
លោកផុន វ៉ាន់ថន បានបន្តថា ការផលិតពពុះសណ្តែកនេះ គឺទាមទារឱ្យអ្នកផលិត ត្រូវគិតពីអនាម័យ ទីតាំងរោង ការរៀបចង្រ្កាន និងសម្អាតអនាម័យជាប្រចាំ ការរៀបចំទុកដាក់ ពិសេសការជ្រើសរើសវត្ថុធាតុដើមផលិតដោយគុណភាពខ្ពស់តាមស្តង់ដារទើបមានទីផ្សារ។នៅចំពោះមុខ លោកនឹងពង្រីកមុខរបរនេះបន្ថែមទៀត ព្រោះជាមុខរបរប្រពៃណីដែលបានបន្សល់ទុកពីដូនតា ជួយឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការងារធ្វើ មិនបាច់ធ្វើចំណាកស្រុក។លើសពីនេះទៀតមុខរបរនេះ បានជួយទិញកសិផលសណ្តែកសៀង ដែលប្រជាកសិករក្នុងមូលដ្ឋានផលិតក្នុងស្រុកបានធូរធារទៀតផង៕

ដោយ៖សហការី


ចែករំលែក៖