ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឈរនោមខ្វះការប្រុងប្រយ័ត្នធ្លាក់ពីលើផ្ទះមានកម្ពស់០៤ម៉ែត្របណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានធ្លាក់ពីលើផ្ទះមានកម្ពស់០៤ម៉ែត្របោកក្បាលនឹងបង្គោលរបងផ្ទះ រងរបួសធ្ងន់ ក្រោយមកបានស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក នៅវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ នៅភូមិណាំតៅ ឃុំ ណាំតៅ ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ ។
លោកយ៉ត សុផល អធិការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ជ្រឹង យុង ភេទប្រុសអាយុ៤១ឆ្នាំ នៅភូមិនៅកើតហេតុខាងលើ។
លោកបញ្ជាក់ថា តាមការរៀបរាប់បំភ្លឺពីឈ្មោះចាន់ សាឃួន ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួននិងប្ដីក្រោយពេលហូបបាយល្ងាចរួចក៏នាំគ្នាឡើងទៅលើផ្ទះបើកទូរទស្សន៍មើល។ លុះដល់ម៉ោងប្រហែល ០៩និង២០នាទីយប់ ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ ប្ដីរបស់ខ្លួនបានក្រោកដើរទៅបត់ជើងតូច នៅវេរ៉ង់ដាផ្ទះចំហៀងខាងជើង ពេលនោះគាត់បាន លឺសូរ សំឡេងក្ឌុកហើយក៏ស្ទុះទៅមើលស្រាប់តែឃើញប្តីរបស់គាត់ធ្លាក់ពីលើផ្ទះស្ងាត់មាត់ស្ងាត់ក។ នៅពេលនោះគាត់ក៏បានចុះមកលើកប្ដី ហើយស្រែកហៅឲ្យបងប្អូនជិតខាងជួយ និងបានយកប្ដីមកមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក តែពេលមកដល់បានមួយសន្ទុះ ប្ដីរបស់គាត់បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង១០និង២២នាទីយប់ថ្ងៃ ដដែលនោះទៅ ។
លោកអធិការបន្តឲ្យដឹងទៀតថាពេលទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញចុះទៅពិនិត្យវិភាគដោយសហការជាមួយកម្លាំងប៉ុស្តិ៍ណាំតៅ ប្រធានមណ្ឌលសុខភាពណាំតៅហើយបានសន្និដ្ឋានថា ជនរងគ្រោះ បានក្រោកពីដេកទាំងមមីមមើ ដើរឆ្លងបង្កាន់ដៃដែកមកឈរបត់ជើងតូចលើសំយាបស៊ីម៉ងត៍មានទំហំប្រហែល០១ម៉ែត្រខាងក្រៅបង្កាន់ដៃ ហើយក៏ជ្រុលធ្លាក់មកដីតែម្តង បណ្តាលឲ្យត្រូវនឹងបង្គោលរបងព្រំដីបែកក្បាលផ្នែកចិញ្ចើមខាងស្តាំមានឈាមហូរច្រើន រងរបួសធ្ងន់។ក្រោយមកក៏ស្លាប់នៅមន្ទីរពេទ្យ ប្រាកដមែន។
ក្រោយមកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ វណ្ណា


ចែករំលែក៖