ភ្នំពេញ៖ អតីតតារាអ្នកសិល្បៈ និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមតារាបង្ហាញម៉ូត លោក លី ពីរ៉ានុត បានលេចមុខគួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីអ្នកសិល្បៈជាថ្មីក្រោយពីបាត់មុខអស់ជាច្រើនឆ្នាំ។ លោកថានឹងមានស្នាដៃសិល្បៈថ្មីឡើងវិញឆាប់ៗនេះហើយទោះជាយ៉ាងណាលោកនៅតែមិនបោះបង់ការងារមួយនេះជាដាច់ខាត។
លី ពីរ៉ានុត ធ្លាប់ជាតារាសម្តែង បង្ហាញម៉ូត និងជាអតីតអ្នកគ្រប់គ្រងទូទៅនៅក្រុមបង្ហាញម៉ូត Sun Models ។ លោកត្រូវបានអ្នកក្នុងចង្កោមសិល្បៈ និងទស្សនិកជនមួយចំនួនបានស្គាល់តាមរយៈស្នាដៃសិល្បៈមួយចំនួនផងដែរ។ បាត់មុខជាច្រើនឆ្នាំលោកបានបង្ហាញវត្តមានក្នុងកម្មវិធីអ្នកសិល្បៈជាថ្មីអមដោយការបង្ហើបគម្រោងចេញផលិតបទចម្រៀងផ្ទាល់ខ្លួននិងការងារសិល្បៈខ្លះដែលលោករំពឹងថានឹងទទួលបានការគាំទ្រពីទស្សនិកជន។ លោកថាបទចម្រៀងថ្មីនេះគឺមិនមែនជាការផលិតធ្វើអាជីវកម្មទេប៉ុន្តែជាបទចម្រៀងបង្ហាញពីទឹកចិត្តកត្តញ្ញូរបស់លោកចំពោះម្តាយដែលជាអ្នកមានគុណ។ លោកថាបទចម្រៀងនេះបានផលិតចប់រួចរាល់ហើយ ហើយនឹងត្រៀមបញ្ចេញក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកបញ្ជាក់ដែរថា ការបាត់មុខពីសិល្បៈព្រោះតែលោករវល់ច្រើននឹងមុខជំនួញលើការបើកហាងលក់សម្លៀកបំពាក់នៅខេត្តបន្ទាយមានជ័យ ទើបលោកត្រូវនៅមើលការខុសត្រូវច្រើននៅទីនោះដែលតម្រូវឲ្យលោកឃ្លាតឆ្ងាយពីសិល្បៈ។ លោកបន្តដែរថា ក្រៅពីការងារសិល្បៈលោកក៏គ្រោងនឹងបើកដំណើរការអាហារដ្ឋានមួយកន្លែងបន្ថែមពីលើហាងលក់សម្លៀកបំពាក់ផងដែរ។ លោកថាទោះមមាញឹកនឹងការងាររកស៊ីច្រើនប៉ុន្តែលោកនៅតែស្រលាញ់ចូលចិត្តការងារសិល្បៈដដែលហើយលោកក៏នឹងបន្តសកម្មភាពសិល្បៈជារៀងរហូតទៅបើទោះបីជាមិនច្រើនដូចពេលមុនក៏ដោយ៕ ដោយ៖ វឌ្ឍនា