ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តហ៊ីយ៉ាន់ដាយក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តកាមរីហាយប្រ៊ីតពីចំហៀងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១០៥ កែងនិងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាកកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AO 8836. បេីកបរដោយបុរសជនជាតិខ្មែរធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុក៏ឆ្លងផ្លូវលេខ៣៦០ លុះពេលឆ្លងជិតផុតទៅហេីយស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AZ 3693 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៦០ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តកាមរីហាយប្រ៊ីតចំពីចំហៀងពេញទំហឹងបណ្តាលឲ្យវិលមួយជុំរងការខូចខាតទ្វារខាងស្តាំនិងដាច់កង់ក្រោយផ្នែកខាងឆ្វេង ដោយឡែករថយន្តបង្ករងការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ សំណាងល្អមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញនៃការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញមកធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕ដោយ៖ សុខាសែនជ័យ