ភ្នំពេញ ៖ បុរសម្នាក់ទំនងស្រវឹងស្រា បានបេីករថយន្តកាមរីហាយប្រ៊ីដ យ៉ាងលឿនជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស ដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ និងធ្វេីឲ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងមានរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-7370 បើកដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ និងក្មេងម្នាក់ជាប្រពន្ធនិងកូន តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបាន
បេីករថយន្តមួយគ្រឿងម៉ាក CAMRY ហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7757 ក្នងទិសដៅបញ្ច្រាសគ្នា រួចចូលមកគន្លងផ្លូវខាងរថយន្តTOYOTA PRIUS បុកចំបញ្ឆិតក្បាលរថយន្តព្រូសពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿងខូចខាតយ៉ាងធ្ងន់ធ្ងរដាច់កាឡេកង់មុខផ្នែកខាងឆ្វេងរៀងខ្លួន និងធ្វេីឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ និងកូនក្មេងម្នាក់របួសស្រាល ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាលរបួស ។
ក្រោយកេីតហេតុជាងពីរម៉ោងទើបសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ និងទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យ មកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ