ភ្នំពេញ៖ នៅថ្ងៃចន្ទ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹស្តសករាជ ២០២០។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក លោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ថ្លែងទៅកាន់អង្គពិធីទាំងមូល លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់កងរាជអាវុធហត្ថក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងផ្ទៃប្រទេស ជាពិសេសក្នុងរាជធានីភ្នំពេញ ដើម្បីផ្ដល់ឱកាសដល់រាជរដ្ឋាភិបាលអភិវឌ្ឍប្រទេសតាមផែនការរបស់ខ្លួនឱ្យសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីអំពីគោលនយោបាយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដោយ ជំហានទីមួយត្រូវធ្វើសមាហរណកម្មផ្ទៃក្នុង (តភ្ជាប់ពីរាជធានីទៅទីរួមខេត្ត និងពីខេត្តមួយទៅខេត្តមួយ) ដោយចាក់កៅស៊ូពីរស្រទាប់ស្ដើង (DBST) និងនៅជំហានទីពីរនេះរាជរដ្ឋាភិបាលនឹងពង្រឹង ពង្រីក និងសាងសង់ថ្មីបន្ថែម ដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ច និងកំណើនយានយន្តពីមួយឆ្នាំទៅមួយឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រីបានលើកឡើងអំពីគម្រោងកំពុងអនុវត្តមួយចំនួន ដូចជាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងបំពាក់ប្រព័ន្ធជញ្ជីងឆ្លាតវៃបង្កប់នៅក្រោមដី AI Camera និង WIM មានទាំងការកត់ត្រា គម្រោងសិក្សាកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ គម្រោងលើកកម្ពស់គុណភាពផ្លូវទាំង៣៨ខ្សែក្នុងខេត្តសៀមរាប គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញដើម្បីកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ការដាក់ដំណើរការផ្ទេរកម្មសិទ្ធិយានយន្តតាមនីតិវិធីថ្មីដោយមានការបង់ពន្ធប្រថាប់ត្រាស្រាប់សំដៅកាត់បន្ថយភាពស្មុគស្មាញដល់ប្រជាពលរដ្ឋ និងគម្រោងផ្សេងៗជាច្រើនទៀត។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ក្រសួងបានរិះរកគ្រប់មធ្យោបាយ និងយន្តការនានាដើម្បីឱ្យការផ្ដល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋបានលឿន មានប្រសិទ្ធភាព និងមានតម្លាភាពដោយបានអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យានានា សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធតភ្ជាប់ប្រព័ន្ធរវាងគ្នាដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់សេវាសាធារណៈ ឆៀកចល័ត មណ្ឌលប្ដូរនិងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៊ីអនមល១ អ៊ីអនមល២ និងផ្សារទំនើបជីបម៉ុង ជាដើម ព្រមទាំងបានបំពាក់កាមេរ៉ាឆ្លាតវៃនិងប្រព័ន្ធកម្មវិធីព័ត៌មានវិទ្យាទំនើបដើម្បីចាប់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ផងដែរ។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បាននាំយកសម្ភារបរិក្ខារចាំបាច់ និងគ្រឿងឧបភោគបរិភោគ រួមមាន៖ ទឹកស៊ីអ៊ីវចំនួន២០០យួរ ទឹកត្រីចំនួន២០០យួរ ទឹកសុទ្ធកម្ពុជាចំនួន៣០០កេស មីជាតិចំនួន ៣០០កេស ត្រីខចំនួន៣០កេស អង្ករចំនួន៥តោន ម៉ាស៊ីនកុំព្យូទ័រ២០គ្រឿង ម៉ាស៊ីនព្រីន២០គ្រឿង និងថវិកាមួយចំនួនចែកជូនដល់បងប្អូនជានាយទាហាន និងនាយទាហានរង ព្រមទាំងបានបួងសួងដល់បារមីវត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សាឱ្យជួបតែសេចក្តីសុខចម្រើន ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានការអភិវឌ្ឍថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយទាហាន និងនាយទាហានរងទាំងអស់ដែលបានសហការគ្នាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការទប់ស្កាត់ក៏ដូចជាបង្រ្កាបការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលធ្វើឱ្យផ្លូវឆាប់ខូច និងខាតបង់ថវិកាជាតិ និងបានថ្លែងអំណរគុណចំពោះការលះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ សំដៅបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ដោយ៖ សិលា